Loading...

សំរាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​​ប្រ​ទេស​កម្ពុជា ជំនាញ STEM (Science, Technology, Engineering, and Mathematics) ដែល​ជា​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សុទ្ធសឹង​ជា​ជំនាញ​ដែល​ត្រូវ​ការ​បំផុត​ក្នុង​ប្រទេស។ ប៉ុន្តែ​អ្នក​សិក្សា​ធ្លាប់​ដឹង​ថា​ STEM គឺ​ជា​មុខ​វិជ្ជា​ដែល​ពិបាក​រៀន និង​ពិបាក​បង្រៀន ដោយ​សារ​ខ្វះ​សំភារៈ​ស្រាវជ្រាវ និង​សម្ពាធការ​ងារ​ទៅ​លើ​សិស្សក្នុង​ការ​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ។ តើ​គ្រូ​បង្រៀន​ និង​សិស្ស​ក្នុង​ប្រ​ទេស​កម្ពុជា​គួ​រ​​មាន​ទម្លាប់​រៀន​បែប​ណា​ខ្លះ​លើ​មុខ​វិជ្ជា​ STEM? តើ​ក្រ​សួង​​អប់​រំ​ យុវជន​ និង​កី​ឡា​គួរ​គាំ​ទ្រ​ដល់​វិធី​សាស្រ្ត​សិក្សា​មុខ​វិជ្ជា STEM ដូច​ខាង​ក្រោម​ដែរ​រឺ​ទេ?

សព្វ​ថ្ងៃ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យាល័យ​ ហាវើដ (Harvard) បាន​និយាយ​ថា​ ការ​សិក្សា​វិទ្យាសាស្រ្តមិន​ត្រូវ​ផ្តោត​លើ​ការ​យល់​ទ្រឹស្តី រូបមន្ត និង​ពាក្យស័ព្ទ ទៀត​ទេ ប៉ុន្តែ​វា​គួរជា​ការ​សិក្សា​​ផ្តោត​លើ​ការ​ដោះ​ស្រាយ​បញ្ហា និង​សហការណ៍ថែម​ទៀត។

កសាង​ជំនាញ វិទ្យាសាស្រ្ត

សិស្ស​រៀន​នៅ​ក្នុង​ថ្នាក់​មាន​ចំណេះ បទ​ពិសោធន៍ និង​ចំណាប់​អារម្មណ៍ ​មិន​ដូច​គ្នា​ទេ។​ នៅ​ពេល​រៀន​ដល់​ថ្នាក់​វិទ្យា​ល័យ​ឡើង​ទៅ សិស្ស​នឹង​មាន​អារម្មណ៍​ថា​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​កាន់​តែ​ពិបាក និង​គួរ​ឲ្យ​ធុញ​ទ្រាន់។ ទាំង​នេះ​ក៏​ដោយ​សារ​តែ​​យល់​មេរៀន​វិទ្យាសាស្រ្ត​ត្រូវ​ពឹង​ផ្អែក​លើ​ការ​យល់​ពាក្យ​ស្មុគស្មាញ ដែល​ធ្វើ​ឲ្យ​សិស្ស​ពិបាក​រៀន​ និង​គ្រូ​ពិបាក​បង្រៀន។

ដើម្បី​ដោះ​​ស្រាយ​ឧបសគ្គ​នេះ​ គ្រូ​បង្រៀន​គួរ​ជួយ​សិស្ស​​រៀនដោយ​ប្រើ​វិធីសាស្រ្ត​មួយទៀត ជាង​ការ​ប្រើ​​មធ្យោបាយ​សិក្សា​ធម្មតា។ ដោយ​ហេតុ​តែ​វិទ្យា​សាស្រ្ត​តម្រូវ​ឲ្យ​មាន​​ការ​អង្កេត​បាតុភូត​ធម្មជាតិ និង​សួរ​សំណួរ​ដើម្បី​ស្វែង​រក​ចម្លើយ គ្រូ​បង្រៀន​គួរ​លើក​តម្កើង​ការ​រៀន​ដោយ​ការ​អនុវត្តន៍ ជាជាង​ទន្ទេញ​មេរៀន​។ ធ្វើ​បែប​នេះ ប្រ​សិន​បើ​ថ្នាក់​រៀន​ផ្តោត​លើ​ដំណាក់​ការ​​ស្រាវ​ជ្រាវ​វិទ្យាសាស្រ្ត សិស្ស​នឹង​អាច​រៀន​កាន់​តែ​ស៊ី​ជំរៅ។

ការសហការណ៍​ស្រាវ​ជ្រាវ​រក​ការ​ពិត

មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ត្រូវ​ការ​ការសហការណ៍​គ្នា។ គំរោង​​ស្រាវជ្រាវ​ចាប់​ពី​ តារា​រូបវិទ្យា​ រហូត​ដល់​​ជីវវិទ្យា​ តម្រូវ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​សហការ​គ្នា​ស្វែង​រក​លទ្ធផល។ ហើយ​ការ​សហការណ៍​នេះ​ត្រូវ​ការ​ឲ្យ​មាន​ការ​ទុកចិត្ត ដើម្បី​ឲ្យ​បង្កើត​​ទំនុក​ចិត្ត​ក្នុង​ការ​ស្រាវជ្រាវ​ជា​មួយ​គ្នា។

Loading...

ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ពិត​ប្រាកដ អ្នក​វិទ្យាសាស្រ្ត​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់ ក្នុង​ការ​រួម​ចំណែក​ស្វែង​រក​ការពិត ដែល​ជា​គោល​បំណង​ចម្បង​របស់​វិទ្យាសាស្រ្ត។ អ្នក​វិទ្យាសាស្រ្ត​ដឹង​ហើយ​ថា​មនុស្ស​ដទៃ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ស្រាវ​ជ្រាង​របស់​ពួកគេ​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​លើ​វិស័យ​សុខាភិបាល និង​បច្ចេក​វិទ្យា។ ដូចនេះ​សីលធម៌​របស់​អ្នក​វិទ្យាសាស្រ្ត​ចាំ​បាច់​ណាស់។​

ជាទូទៅ​សិស្ស​រៀន​គីមី​វិទ្យា​មិន​អាច​ក្លាយ​ជា​អ្នកគីមី​​​វិទូ​​ដ៏​ជំនាញ​នោះ​ទេ ហើយ​សិស្ស​វិទ្យាល័យ​ក៏​មិន​អាច​ប្រឡង​ជាប់​មុខ​វិជ្ជា​គីមី​ផង​ដែរ ប្រសិន​បើ​ពួក​គេ​មិន​ចេះ​ជួយ​គ្នា​ត្រួត​ពិនិត្យ​ និង​ជួយ​កែ​កំហុស​​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ និងជាពិសេស​​ស្មោះ​ត្រង់​ចំពោះ​គ្នា​នៅ​ពេល​កែ​ការងារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ វិទ្យា​សាស្រ្ត​មិន​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ជាដាច់​ខាត ហើយ​នេះ​គឺ​ជា​ទំនួលខុស​ត្រូវ​របស់​គ្រូដើម្បី​ធ្វើ​អោយ​សិស្ស​យល់​ពី​សារៈ​សំខាន់​​នៃ​ការងារ​សហការណ៍​​ជាមួយ​គ្នា។

ជួយ​​សិស្ស​រៀន​កាន់​​តែ​មាន​ប្រសិទ្ធិភាព

ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ស្វែង​រក​លទ្ធផល​មាន​ហើយ បន្ថែម​លើ​នេះ​ទៅ​ទៀត គ្រូ​បង្រៀន​វិទ្យាសាស្រ្ត​គួរ​តែ​ជំរុញ​ឲ្យ​សិស្ស​រៀន​កាន់​តែ​មាន​ភាព​រីក​ចំរើន​ ដោយ​ផ្តោត​លើ​ការ​ត្រិះរិះ​ខ្ពស់​អំពី​ការ​វិវឌ្ឍន៍​នៃ​វិទ្យាសាស្រ្ត​សព្វ​ថ្ងៃ។ លោក​គ្រូ​អ្នក​គ្រូ​គួរ​តែ​ជួយ​សិស្ស​គិត​ពិចារណា​អំ​ពី​បច្ចេកវិទ្យា​អាច​ទៅរួចក្នុង​ពេល​​​បច្ចុប្បន្ន ដោយ​មើល​ទៅ​លើ​បច្ចេកវិទ្យា​នៅ​ថ្ងៃ​អនាគត​ដែល​អាច​សម្រេច​បាន​។​

សិស្ស​​ចង់​រៀន​អ្វី​ដែល​​មាន​សារៈសំខាន់ ដូចនេះ​គ្រូ​បង្រៀន​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ថ្នាក់​រៀន​របស់​ពួក​គេ​មាន​ទំនាក់​ទំនង​​ជា​មួយ​សិស្ស​ និង​ជីវិត​របស់​សិស្ស និង​ជួយ​ឲ្យ​ពួក​គេ​ចេះ​យក​មក​អនុវត្ត​ដោយ​ផ្ទាល់។

នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ មុខ​វិជ្ជា​ STEM ចាំ​បាច់​ណាស់ដើម្បី​​អភិវឌ្ឍ​ប្រ​ទេស។ ក៏​ប៉ុន្តែ​យើង​បាន​ឃើញ​ហើយ​ថា​ សម្ភារៈ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​កំរិត​វិទ្យា​ល័យ និង​ការ​ជំរុញ​ពី​លោក​គ្រូ​អ្នក​គ្រូ​លើ​ការ​ស្រាវ​ជ្រាវ​នៅ​មាន​កំរិត។ បើ​សិន​ជា​មាន​ការ​ជំរុញ​​ទៅ​លើ​ការ​អនុវត្តន៍ ការ​សហការណ៍​ស្រាវ​ជ្រាង​រវាង​សិស្ស​និង​សិស្ស ការ​លើក​ទឹក​ចិត្ត​និង​គាំ​ទ្រ​ពី​លោក​គ្រូ​អ្នក​គ្រូ និង​ធន​ធាន​សំរាប់​ការ​ស្រាវ​ជ្រាវ​នៅ​​កំរិត​វិទ្យា​ល័យ មុខ​វិជ្ជា​​ STEM ​នឹង​រីក​ចំរើន​ហើយ​កាន់​តែ​មាន​ប្រ​ជាប្រិយ​ភាព សំរាប់​សិស្ស​ដើម្បី​រៀន​បន្ត​នៅ​កំរិត​សាកល​វិទ្យាល័យ៕

loading...
SHARE