Loading...

នាពេលបច្ចុប្បន្ន ការប្រាស្រ័យទាក់ទងគ្នាគឺពិត​ជា​មា​នសារៈ​សំខាន់​ណាស់​រវាង​មនុស្ស និង​មនុស្ស។ ជា​ការ​ពិត​ណាស់​ថា កិច្ច​សន្ទនា​ដាច់​ខាត​ត្រូវ​តែ​មាន​អ្នកស្ដាប់ និង​អ្នក​និយាយ។ ការ​សន្ទនា​អាច​ដោះស្រាយ​បាន​នូវ​បញ្ហា​នានា បង្កើត​ទំនាក់​ទំនង បង្កើន​ភាព​ស្និទ្ធស្នាល ក៏​ដូច​ជា​ដោះស្រាយ​ជម្លោះ។ មិន​ខុស​ពី​ការ​និយាយ ការ​ស្ដាប់​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​កិច្ច​សន្ទនា​របស់​អ្នក​អោយ​កាន់​តែ​រឹងមាំ និង​មាន​ភាព​ស៊ី​សង្វាក់គ្នា។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច​ដើម្បី​អោយ​ក្លាយ​ជា​អ្នក​ស្ដាប់​ម្នាក់​ដែល​អាច​ចាប់​បាន​នូវ​រាល់​សម្ដី​របស់​ដៃ​គូរ​សន្ទនា​របស់​យើង? ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ចំនួន​ ៩​ ដែល​នឹង​ជួយឲ្យ​អ្នក​បង្កើត​កិច្ច​សន្ទនា​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព។

១. មើលមុខអ្នកដែលកំពុងតែនិយាយមកកាន់យើង

ប្រសិនបើមាននរណាម្នាក់កំពុងតែនិយាយជាមួយយើង យើង​គួរ​តែ​ចំណាយ​ពេល​ស្ដាប់​​គេ​និយាយ​ដោយ​មើល​ទៅ​មុខ​គេ។ ការ​បែង​ចែក​អារម្មណ៍​ទៅ​ធ្វើអ្វី​ផ្សេង ខណៈ​ពេល​ដែល​គេ​កំពុង​តែ​និយាយ​មក​រក​អ្នក ធ្វើឲ្យភាគ​រយ​ដែល​អ្នក​អាច​ចាប់​បាន​អ្វី​ដែល​គេ​កំពុងតែនិយាយ​ប្រហែល​ជា​មាន​កម្រិត។ ៥០% ឬ ១៥% ដែល​អ្នក​ចាប់​បាន​ពី​ការ​និយាយ​របស់​គេ? វា​អាស្រ័យ​ទៅ​លើ​អ្នក ថា​តើ​អ្នក​ផ្ដោត​អារម្មណ៍​របស់​អ្នក​ដើម្បី​ស្ដាប់​គេ​និយាយ​ក្នុង​កម្រិត​ណា។

២. យកចិត្តទុកដាក់ស្ដាប់

ជាការពិតណាស់ ក្រសែ​ភ្នែក​របស់​អ្នក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ពេល​ដែល​កំពុង​សន្ទនា។ ក៏ប៉ុន្តែ អ្នក​ក៏​គួរ​តែ​ជៀស​វាង​ការ​សម្លឹង ឬ​សម្លក់​ទៅ​កាន់​អ្នក​ដែល​កំពុង​និយាយ។ អ្នក​អាច​ធ្វើ​ដូច​ពេល​ធម្មតា។ អ្នក​អាច​ដក​ក្រសែភ្នែករបស់អ្នកចេញ និង​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ តែ​មិន​ត្រូវ​អោយ​សកម្មភាព​ទាំង​នោះ​ធ្វើ​អោយ​អ្នក​បែក​អារម្មណ៍​ក្នុង​ការ​ស្ដាប់​គេ​និយាយ​នោះ​ទេ។

៣. បើកចិត្តអោយទូលាយក្នុងការស្ដាប់

មិនត្រូវវាយតម្លៃ ឬរិះគន់ជាអវិជ្ជមានទៅកាន់​អ្នក​ដែល​កំពុង​និយាយ​ជា​មួយ​អ្នកទេ។ ពេល​ខ្លះ​អ្វី​ដែល​គេ​និយាយ​គឺ​ចង់​អោយ​យើង​ល្អ។ សម្ដី​ដែល​គេ​កំពុង​និយាយ​នា​ពេល​នោះ​តំណាង​អោយ​គំនិត​របស់​ពួក​គេ។ អ្នក​ប្រហែល​ជា​មិន​ដឹង​ពី​គំនិត​របស់​ពួក​គេ​រហូត​ដល់​អ្នក​ស្ដាប់​គេ​និយាយ​ដល់​ចប់។

៤. ស្ដាប់សម្ដីដែលគេនិយាយ និងសាកល្បងស្រមៃ​ទៅ​លើ​អ្វី​ដែល​គេ​កំពុង​តែ​និយាយ

ប្រសិនបើអ្នកស្រមៃមើលទៅអ្វីដែលអ្នកកំពុងតែស្ដាប់ វា​អាច​ជួយ​បង្កើន​ការ​ផ្ដោត​អារម្មណ៍​របស់​អ្នក​ទៅ​លើ​អ្នក​និយាយ។ នៅ​ពេល​ដែល​ស្ដាប់ ចូរកុំ​បែក​អារម្មណ៍​ទៅ​ធ្វើ​អ្វី​ផ្សេង ព្រោះ​វា​អាច​បណ្ដាល​អោយ​យើង​មិន​អាច​ចាប់​យក​អ្វី​ដែល​គេ​កំពុង​តែ​និយាយ ១០០% នោះ​ទេ។ ចូរគិត​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​​ស្ដាប់។

៥. កុំនិយាយកាត់សម្ដីគេ

Loading...

ការនិយាយកាត់សម្ដីគេគឺជាឥរិយាបទមួយដែលមិនសមរម្យទាល់តែសោះ។ កាលពីក្មេង អ្នកប្រាកដជាធ្លាប់​ត្រូវ​បានចាស់ៗ​បង្រៀន​មិន​អោយ​និយាយ​កាត់​ប្រសាសន៍​មនុស្ស​ចាស់ដែរហើយ មែនទេ? ជាការពិតណាស់ ការ​និយាយកាត់គេ ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទង្វើ​មិនគប្បី។ លើស​ពី​នេះ​ទៅ​ទៀត ការ​និយាយ​កាត់​សម្ដី​គេ​គឺ​ជា​សារ​អវិជ្ជមាន​ដែល​អ្នក​ចង់​ផ្ញើរ​ទៅ​អោយ​អ្នក​ដែល​​កំពុង​តែ​និយាយ​ជា​មួយ។ សារ​ទាំង​នោះ​មាន​ន័យ​ថា “អ្វី​ដែល​គេ​និយាយ​គឺ​មិន​មាន​តម្លៃ​សម្រាប់​អ្នក” “អ្នក​មិន​ខ្វល់​ពី​គំនិត​របស់​គេ” “អ្នក​គ្មាន​ពេល​វេលា​សម្រាប់​ស្ដាប់​គំនិត​របស់​គេ” “អ្នក​កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង ហើយ​អ្វី​ដែល​អ្នក​ធ្វើ​គឺ​ដើម្បី​យក​ឈ្នះ​ដៃ​គូរ​របស់​អ្នក”។ អ្នក​អាច​និយាយ ឬ​បញ្ចេញ​មតិ​យោបល់​បាន​នៅ​ពេល​ដែល​ដៃ​គូរ​សន្ទនា​របស់​អ្នក​បញ្ចប់​ការ​និយាយ​របស់​គេ។ តែ​វា​មិន​មែន​មាន​ន័យថា​អ្នក​មិន​អាច​និយាយ​កាត់​គេ​បាន​ទាល់តែសោះនោះទេ។⁣ អ្នក​អាច​និយាយ​បាន​នៅ​ពេល​ដែល​គំនិត​របស់​អ្នក​ពិត​ជា​ល្អ ហើយពេលវេលាអំណោយផល។

៦.​ ពេលវេលាដែលគួរសួរសំណួរ

នៅពេលដែលអ្នកមិនសូវយល់នូវអ្វីដែលដៃគូរសន្ទនារបស់អ្នកនិយាយ អ្នក​អាច​ចោទ​ជា​សំណួរ​បាន។ ក៏​ប៉ុន្តែ ត្រូវ​តែ​ប្រាកដ​ថា​ការ​សួរ​របស់​អ្នក​មិន​មែន​ជា​ការ​កាត់​សម្ដី​របស់​គេ ឬ​ក៏​អាច​ចាំ​រហូត​ដល់​គេ​និយាយ​ចប់​ទើប​សួរ​ក៏​បាន។ វាអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។ ចូរឈ្វេងយល់បន្ថែមពីស្ថានភាពដែលអ្នកកំពុងតែសន្ទនា ថាតើពេលណាសមរម្បក្នុងការសួរសំណួរកាត់ពេលដែលគេកំពុងនិយាយ។

៧. ប្រភេទសំណួរ

សំណួរដែលអ្នកសួរត្រូវតែពាក់ព័ន្ធទៅនឹងប្រធានបទ​ដែល​ដៃ​គូរ​សន្ទនា​របស់​អ្នក​កំពុង​តែ​និយាយ។ សំណួរ​ទាំង​នោះ​គឺ​ជួយ​អ្នក​អោយ​យល់​ពី​អ្វី​ដែល​គេ​ចង់​និយាយ​កាន់​តែ​ច្បាស់។ ជា​ការ​ពិត​ណាស់ មនុស្ស​ភាគ​ច្រើន​តែង​តែ​សួរ​សំណួរ​ចាក​ទៅ​នឹង​ប្រធាន​បទ​ដែល​ដៃគូរ​កំពុង​តែ​និយាយ។ ឧទាហរណ៍៖ នៅ​ពេល​ដែល​បុគ្គល “ក” និយាយ​ថា “កាល​ពី​សបា្ដហ៍​មុន ខ្ញុំ​បាន​ទៅ​ដើរ​លេង​ជា​មួយ​មិត្តភក្ដិ​វិទ្យាល័យ​របស់​ខ្ញុំ”។ សំណួរ​ដែល​អ្នក​ត្រូវ​សួរ​នោះ​គឺ “តើ​អ្នក​បាន​ដើរ​លេង​ទៅ​ណា​ខ្លះ? …”

៨. យកអារម្មណ៍គេដាក់ចូលក្នុងអារម្មណ៍របស់ខ្លួន

ប្រសិនបើដៃគូរសន្ទនារបស់អ្នកមានអារម្មណ៍ថាពិបាកចិត្ត ឬ​ក៏​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​គេ​និយាយ​អ្វី​ដែល​ចេញ​ពី​ចិត្ត​របស់​គេ អ្នក​គួរ​តែ​មាន​អារម្មណ៍​ដូច​គេ​ដែរ។ ការ​ចេះ​យក​ចិត្ត​គេ​ដាក់​ចូល​ក្នុង​ចិត្ត​ខ្លួន​ឯង បញ្ជាក់​ថា​អ្នក​គោរព​គេ​ដូច​គោរព​ខ្លួន​ឯង​ដែរ។ ធ្វើ​ដូច្នេះ ការ​សន្ទនា​របស់​អ្នក​នឹង​រលូន​ទៅ​មុខ​បាន​យ៉ាង​ល្អ។ នេះ​សបញ្ជាក់​ថា អ្នក​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​នូវ​អ្វី​ដែល​គេ​កំពុង​តែ​និយាយ។

៩. ផ្ដោតអារម្មណ៍ទៅលើពាក្យសម្ដី ឬសម្លេង (សម្រាប់កិច្ចសន្ទនាមិនឃើញមុខ)

កិច្ចសន្ទនាមិនមែនកើតឡើងតែនៅពេលដែលយើងឃើញមុខគ្នាប៉ុណ្ណោះទេ តែ​វា​ក៏​អាច​កើត​ឡើង​ដោយប្រយោលផងដែរ⁣ (Indirect Conversation)។ កិច្ច​សន្ទនា​តាម​ទូរស័ព្ទ ឬ​តាម​សារ​អេឡិចត្រូនិច​គឺ​ជា​ឧទាហរណ៍​ជាក់​ស្ដែង។ អ្នក​អាច​យល់​ពី​អារម្មណ៍​របស់​ដៃ​គូរ​សន្ទនា​របស់​អ្នក​តាម​រយៈ​ការ​សើច ឬ​យំ​​ប្រសិនបើ​អ្នក​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​ក៏​តាម​រយៈ​ការ​ប្រើប្រាស់​ពាក្យ​ពេចន៍​ប្រសិន​បើ​អ្នក​ទំនាក់​ទំនង​តាម​រយៈ​សារ​អេឡិច​ត្រូនិច៕

loading...
SHARE