សម្រាប់​យុវវ័យ​សព្វថ្ងៃ ការ​ឡើង​ទំងន់​គឺ​ជា​អ្វី​ដែល​ពួក​គេ​ខ្លាច​បំផុត។ មាន​ក្មេង​ស្រី​ជា​ច្រើន​នាក់​ហើយ​ដែល​នាំ​គ្នា​ញាំ​អាហារ​តម​ដោយ​សារ​តែ​ខ្លាច​ឡើង​ទំងន់។ តើ​អ្នក​កំពុង​តែ​ស្វែង​រក​អាហារណា​ដែល​ជួយ​អ្នក​អាច​ញាំ​បាន​ច្រើន​ហើយ​មិន​ឡើង​ទំងន់​ទេ? ក្នុង​អត្ថបទ​នេះ​ យើង​នឹង​បង្ហាញ​ពី​ពួក​អាហារ​មួយ​ចំនួន​ដែល​ញាំ​ច្រើន មិន​ធាត់ ថែម​ទាំង​ល្អ​ចំពោះ​សុខភាព​ទៀតផង។

១៖ ពោត​លីង ( Popcorn)
តាម​ធម្មតា​ មនុស្ស​ទូទៅ​ចូល​ចិត្ត​ញាំពោត​លីង​ណាស់ ជា​ពិសេស​ពេល​ទៅ​មើល​គុន ឬ ពេល​មើល​ទូរទស្សន៍។ បើ​សិន​ជា​អ្នក​ញាំ​ពោត​លីង​ដែល​មិន​មាន​ដាក់​ប័រ​ (Butter) ស្ករ និង អំបិល​នោះ អ្នក​អាច​ញាំ​វា​ដោយ​មិន​ចាំ​បាច់​ភ័យ​ពី​ការ​ឡើង​ទំងន់​ទេ។ ធ្វើ​បែប​នេះ កាឡូរី​នៅ​ក្នុង​ពោត​លីង​មាន​កាន់​តែ​ទាប ហើយអ្នក​អាច​មាន​ពេល​ញាំ​យ៉ាង​មាន​ក្តី​សុខ។

២៖ ផ្លែក្រូច ទំពាំង​បាយជូរ និង​ផ្លែ​ក្រូច​ឃ្វឹច
ជួន​កាល​ កា​រ​ញាំ​ផ្លែ​ឈើ​ច្រើន​ក៏​មិន​មែន​ជា​ការ​ល្អ​សម្រាប់​អ្នក​​ចង់​ស្រក​ទំងន់​ដែរ តែ​សម្រាប់​ផ្លែក្រូច ទំពាំង​បាយជូរ និង​ផ្លែ​ក្រូច​ឃ្វឹច អី​អស់​នេះ ជា​ករណី​លើក​លែង។ ពួកវា​ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សំបូរសារជាតិ​ចិញ្ចឹម​រាង​កាយ ហ្វាយប័រ និង វីតាមីន​ c ។ ប្រភេទ​ផ្លែ​ឈើ​នេះ ជួយ​ឲ្យ​អ្នក​ញាំ​ឆាប់​ឆ្អែត ជួយ​ឲ្យ​ការ​រំលាយ​អាហារ​ប្រព្រឹត្តិ​ទៅ​បាន​ល្អ ជំនួយ​ផ្លើម ជំនួយ​សុខភាព​ស្បែក ព្រម​ទាំង​ធ្វើ​ឲ្យ​សុខភាព​ល្អ​ទៀត​ផង។

៣៖ ផ្លែ​ត្រសក់​ស្រូវ និង ផ្លែ​ឪឡឹក
ប្រហែល​ជាមួយ​ប្រភេទ​ផ្លែ​ឈើ​ខាង​លើ​ដែរ គឺ​ផ្លែឈើ​ទាំង​នេះ​ជួយ​ឲ្យ​អ្នក​ញាំ​ឆាប់​ឆ្អែត ព្រម​ទាំង​ផ្តល់​ជាតិ​ទឹក​បាន​ច្រើន​ដល់​រាង​កាយ​របស់​អ្នក​ផង។ អ្នក​អាច​ញាំ​វា​បាន​គ្រប់​ពេល​ក្នុង​មួយ​ថ្ងៃ ព្រោះ​ក្នុង​មួយ​ slice វា​មាន​តែ​ពី​៦០​ទៅ ៧០​ គីឡូ​កាឡូរី​ប៉ុណ្ណោះ។

៤៖ ត្រសក់
ត្រសក់​គឺ​ជា​បន្លែ​ដែល​ដាំ​នៅ​តំបន់​ត្រូពិច។ វា​ត្រូវ​បាន​មនុស្ស​ទូទៅ​យល់​ថា​ជា​បន្លែ​ត្រជាក់ ដែល​ជួន​កាល​គេ​យក​វា​ទៅ​បិទ​លើ​ផ្ទៃ​មុខ​ផង​ដើម្បី​ឲ្យ​មុខ​មាន​សំណើម។ សម្រាប់​នៅ​ទីនេះវិញ ត្រសក់​គឺ​ជា​បន្លែ​ដែល​គេ​ញាំ​ដើម្បី​មិន​ឲ្យ​ឡើង​ទំងន់។ វា​ជួយ​បំបាត់​ការ​ហើម ហើយ​ជួយ​ឲ្យ​អ្នក​កាន់តែ​មាន​រាង​ស្អាត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

៥៖ ស៊ុត
ស៊ុត​ គឺ​ជា​របស់​ដែល​មាន​សារជាតិ​ចិញ្ចឹម​ច្រើន​ ព្រម​ទាំង​ជា​អាហារ​សម្រាប់​អ្នក​សម្រក​ទំងន់​បាន​យ៉ាង​ល្អ។ អ្នក​អាច​ញាំ​វា​នៅ​ពេល​ណា​ក៏​បាន​មិន​ថា​ពេល​យប់ ដោយ​មិន​បាច់​ខ្លាច​ការ​ឡើង​ទំងន់។ ស៊ុត​ស្ងោរ​ត្រូវ​បាន​គេ​ពិចារណា​ថា​ល្អ​ជាង​ស៊ុត​ចៀន។ ​

៦៖ ផ្លែ​ម្នាស់
ម្នាស់​មិន​ត្រឹម​តែ​ជា​អាហារ​មាន​រស់​ជាតិ​ឆ្ងាញ់​ប៉ុណ្ណោះទេ តែ​វា​ក៏​ជា​ជំនួយ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​មិន​ចង់​ឡើង​ទំងន់​ផង​ដែរ។ សារជាតិ​ចិញ្ចឹម​ក្នុង​ផ្លែ​ម្នាស់​ជួយ​កម្ចាត់​ភាព​ធាត់ ព្រម​ទាំង​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ទៀត​ផង។

៧៖ ផ្លែប៉ោម​
ផ្លែ​ប៉ោម​មួយ​មាន​តែ​៥០​កាឡូរី​ប៉ុណ្ណោះ។ ផ្លែ​ប៉ោម​ជួយ​ឲ្យ​អ្នក​ញាំ​ឆាប់​ឆ្អែត ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​​របស់​អ្នក​ដំណើរ​ការ​បាន​ល្អ​និង​ទៀង​ទាត់​ទៀត​ផង។ វា​សំបូរ​ដោយ​វីតាមីន​ c និង​ប៉ូតាស្យូម ដែល​ជួយ​ការ​ពារ​បេះ​ដូង និង​ចរន្ត​ឈាម​របស់​អ្នក​ផង។

៨៖ សាឡាត់
សាឡាត់​គឺ​ជា​ប្រភេទ​បន្លែ​ដែល​មនុស្ស​ទូទៅ​ចូល​ចិត្ត។ វា​សំបូរ​ទៅ​ដោយ​ អាស៊ីត​ផូលីក ហើយ​អ្នក​អាចញាំ​បាន​ប៉ុណ្នា​ក៏​បានដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ឡើយ។​ សាឡាត់​មួយ​ដើម មាន​តែ​៣​កាឡូរី​ប៉ុណ្ណោះ។

៩៖ ពពួក​ក្រុម​ផ្លែ​ប័ររី (ស្តរប័រី ប្លូប័ររី …)
ពួក​អាហា​ប្រភេទនេះ​សំបូរ​ទៅ​ដោយ​វីតាមីន​​c ជួយ​ដល់​សារពាង្គកាយ។ ស្តរ​ប័ររី​គឺជា​អាហារូបត្ថម្ភ​ដ៏​ល្អ ជួយ​ដល់​ការ​រំលាយ​អាហារ និង​ដំណើរ​ការ​​ប្រព័ន្ធ​របស់​សរីរាង្គ​ផង​ដែរ។

១០៖ បន្លែ​ ស្ពៃ​ក្តោប …
ពួក​បន្លែនេះ​ក៏ជា​អាហារ​ល្អ​សម្រាប់​​កា​រ​មិន​ឲ្យ​ឡើង​ទំងន់​ផង​ដែរ។​ អ្នក​អាច​ញាំ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ។ វា​ជា​អាហារូបត្ថម្ភ​យ៉ាង​មាន​ប្រសិទ្ធភាព​សម្រាប់​សុខភាព។

SHARE