Loading...

ហេតុ​អ្វី​បាន​ជា​បុគ្គលិក​ល្អៗ​ដើរ​ចេញ​ពី​ការ​ងារ ? តើ​មាន​កត្តា​អ្វី​ខ្លះ?​ ឬ​កត្តា​ទាំង​អស់​នោះ​មក​ពី​និយោជិក ឬក៏​និយោជក ?

“អបអរសាទរ! ទី​បំផុត​អ្នកត្រូវ​បាន​ឧទ្ទេស​នាម​អោយ​ឡើង​ឋានៈ ក្រោយពី​ការ​ខិត​ខំ​ប្រឹង​ប្រែងអស់​​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​បំពេញ​​ការងារ​ និង​ដុស​ខាត់​ខ្លួន​អោយ​ខ្លាំង​ជា​មួយ​ការងារ​ដោយ​មាន​ងារ​ជា​មេ​គេ។”​ នៅ​ពេល​ដែល​អ្នក​អង្គុយ​នៅ​ក្នុង​ការរិយាល័យ​ដ៏​ប្រណិត​ដែល​ត្រៀម​ដៃ​ជា​និច្ចសំរាប់​ចុះ​ហត្ថលេខា​លើ​សែក ជាការ​ពិត​ណាស់​ម្ចាស់​ក្រុម​ហ៊ុន​របស់​អ្នក​នឹង​​រំពឹង​ថា​អ្នក​នឹង​ធ្វើ​ការ​បាន​ល្អ​ ​និង​ដឹក​នាំ​កូន​ចៅ​របស់​អ្នក​អោយ​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ដូច​អ្នក​នៅ​ថ្ងៃ​អនាគត ។ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ ?

លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា​ការ​ជោគ​ជ័យ​ ឬ​បរាជ័យ​របស់​អ្នក​មាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​នឹង​ការ​ងារ​របស់​និយោជិក​របស់​អ្នក ។​​ ដូចនេះ​ហើយ​អ្នក​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​កំណត់​ពី​ខ្លួន​​ឯង​ជា​មេ​ល្អ ​ឬ​ក៏​មេ​អាក្រក់ ។

អ្នក​គួរ​តែ​អរគុណ​នូវ​រាល់​ការ​លំបាកៗ​ទាំង​ឡាយ​ដែល​ធ្វើ​អោយ​ខ្លួន​អ្នក​ក្លាយ​ទៅ​ជា​បុគ្គលិក​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ។ ខាង​ក្រោម​នេះ​ជា​ចំណុច​ខ្លះដែលគួរតែ​ជៀស​វាង​សំរាប់​អ្នក​គ្រប់គ្រង​បុគ្គលិក​នៅ​ក្រោម​បង្គាប់​​ឲ្យ​មាន​ប្រសិទ្ធិភាព ៖

1. ការ​ប្រគល់​ការងារ​ឲ្យ​បុគ្គលិក​ច្រើន​ហួស​ប្រមាណ
ជា​ការ​ពិតណាស់​មាន​ការងារ​ដែល​គរ​ដូច​គំនរ​ភ្នំ​ពី​ថ្នាក់​លើ​ដែល​កំពុង​តែរង់​ចាំ​អ្នកមក​បញ្ចប់​ នៅ​ពេល​មាន​ការ​ទាម​ទារ​ពី​ម្ចាស់​ក្រុមហ៊ុន​របស់​អ្នក​ដើម្បី​​សម្រេច​ការងារ​ទាំង​អស់​នោះ​ឲ្យ​​​ទទួល​បាននូវ​ភាព​ជោគជ័យ។ ហេតុដូច្នេះ​ហើយ ពេល​ខ្លះ​អ្នក​ពុំ​គួរ​​​ទម្លាក់​ការងារ​​ច្រើន​ពេក​ទៅ​ឲ្យ​ក្រុម​ការងារ​របស់​អ្នក​នោះ​ទេ។ កាល​ណា​មាន​ការ​ប្រគល់​ការងារ​ទៅ​ឲ្យ​បុគ្គលិក​ច្រើន​ហួស​ប្រមាណ ជា​ពិសេស​បុគ្គលិក​ដែល​ធ្វើ​ការងារ​ល្អ នោះ​អ្នក​​កំពុង​តែ​ដាក់របរ​រក​ស៊ី​របស់​អ្នក​​ក្នុង​ស្ថាន​ការ​ដែល​មាន​ហានិភ័យ​ហើយ​ ជាពិសេស​វា​ក៏​អាច​ធ្វើអោយ​មាន​ការ​ថម​ថយ​សម្មទ្ធិផល​ការងារ​របស់​ក្រុម​ហ៊ុន​របស់​អ្នក​ដែរ។​ អ្នក​គ្រប់​គ្រង​មិន​ល្អ​តែង​តែ​ទម្លាក់​ការងារ​ទៅ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំងអស់។ ប៉ុន្តែ​អ្នក​គ្រប់​គ្រង​ល្អ​គិត​ផ្សេង។ ពួក​គេ​គិត​អំពី​ភាព​ជោគជ័យ​របស់ក្រុម​ជា​ធំដោយ​មាន​ការ​សហការ​ពីបុគ្គលិក​ម្នាក់ៗ​ដើម្បី​ធ្វើ​ការ​ក្នុង​រយៈ​ពេល​យូរ។

2. ការ​ធ្វើ​ខ្លួន​ជា​អ្នក​ដែល​ចេះ​គ្រប់​សព្វ
វា​ពិត​ជា​មាន​ភាព​លំអៀង​ណាស់កាល​ដែលអ្នក​ធ្វើ​ការ​ជាមួយ​អ្នក​គ្រប់គ្រង ​ឬ​ថ្នាក់​លើ​ដែល​មិន​សម​នឹងទទួល​តួនាទី​ក្នុង​ងារ​ជា​ថ្នាក់​លើ​របស់​អ្នក។ ក្នុង​នាម​អ្នក​ជា​​មេ​គេ​ឬ ​អ្នក​គ្រប់​គ្រង កាល​ដែលអ្នក​ធ្វើការ​ដាក់​ខ្លួន​ទទួល​យក​គំនិត​ថ្មីៗ​ពី​បុគ្គលិក​ថ្នាក់​ក្រោម​របស់​អ្នក វា​អាច​ធ្វើ​ឲ្យ​អ្នក​មានការ​គិត​កាន់​តែ​ទូលំ​ទូលាយ​និង​ទទួល​យក​ចំណេះ​ដឹង​កាន់​តែ​ច្រើន។ ជា​ពិសេស​វា​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​រវាង​អ្នក​ និង​​បុគ្គលិក​ថ្នាក់​ក្រោម​របស់​អ្នក​កាន់​តែ​មាន​ភាព​ស្និត​ស្នាល ​និង​ចុះ​សំរុង​ជា​មួយ​គ្នា។ ផ្ទុយ​ទៅ​វិញ​កាល​បើ​អ្នក​ប្រកាន់​ចរិក​ក្រអឺត​ក្រទម ជា​ពិសេស​នោះ​គឺធ្វើខ្លួន​ជា​អ្នក​ចេះ​រហូត ​នោះ​វា​អាច​ធ្វើ​ឲ្យ​បុគ្គលិក​ថ្នាក់​ក្រោម​ ជា​ពិសេស​បុគ្គលិក​ល្អ​របស់​អ្នក​ដើរ​ចេញ​ពី​ក្រុមហ៊ុន​របស់​អ្នក។​

Loading...

3. មិន​ខ្វល់​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក
នៅ​កន្លែង​ធ្វើ​ការ​ យើង​ដឹង​ច្បាស់​អំពី​ព្រំដែន​រវាង​ការងារ ​និង​ជីវិត​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​យើង​មិន​គួរ​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​ក្នុង​ការ​យល់​​ដឹង​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​អ្នក​ឡើយ។ ជា​ទូទៅ​អ្នក​គ្រប់​គ្រង​មិន​ល្អ​តែង​តែ​មិន​​ខ្វល់​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​បុគ្គលិក​របស់​ពួក​គេ ព្រោះ​គេ​គិត​ថា​វា​ធ្វើ​អោយ​បាត់​បង់​ការ​គោរព​ពី​ថ្នាក់​ក្រោម​ទៅ​វិញ។ ចំណែក​ឯអ្នក​គ្រប់​គ្រង​ល្អ​វិញ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជីវិត​ផ្ទាល់​ខ្លួន​របស់​​បុគ្គលិក ​ដូចជា ហេតុ​អ្វី​បានជា​អ្នកមក​ធ្វើ​ការ​យឺត? ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លាច​ការ​និយាយ​ជា​សាធារណៈ? ហេតុ​អ្វី​បាន​ជាអ្នក​មិន​ចុះ​សម្រុង​​ជាមួយ​បុគ្គលិក​ដទៃ? កាល​ដែល​ធ្វើ​បែប​នេះ​វា​អាច​ធ្វើ​ឲ្យ​បុគ្គលិក​ថ្នាក់​ក្រោមមាន​ភាព​កក់​ក្ដៅ ​និង​ជិត​ស្និត​ក្នុង​ការបំពេញការ​ងារ​អោយ​អ្នក​ដោយ​សម្រេច​ផល​ជាផ្លែផ្កា។

4. មិន​មាន​ការ​លើក​ទឹក​ចិត្តដល់​បុគ្គលិក​ពេល​ដែល​ពួក​គេ​សម​នឹង​ទទួលបាន
យោង​ទៅ​តាម​អ្នក​ប្រាជ្ញ​ខាង​ចិត្ត​វិទ្យា លោក Abraham Maslow បាន​ឲ្យ​ដឹង​ថា​ជា​ទូទៅ​មនុស្ស​ខិត​ខំ​ធ្វើ​ការ​ដើម្បីទទួល​បាន​ការ​សរសើរ ​និង​ចូលចិត្ត​ពី​សំណាក់​មនុស្សជុំវិញ​ខ្លួន ​ដែល​គេ​គិត​ថា​វា​ជា​ភាព​ជោគជ័យ​មួយ​ក្នុង​ជីវិត​របស់​ពួក​គេ។ ជា​ក់​ស្តែង ​អ្នក​គ្រប់​គ្រង​ល្អដឹង​ច្បាស់​អំពី​ការ​ធ្វើ​បែបនេះ​ ដូច​ជា ការ​ឧទ្ទេស​នាម​ឲ្យ​ឡើង​ឋានៈ ការ​តម្លើង​ប្រាក់ខែ ការ​ប្រគល់​គំរោង​ឲ្យ​ធ្វើ​ដែលបុគ្គលិក​ចូលចិត្ត។ ប៉ុន្តែ​អ្នក​គ្រប់​គ្រង​មិន​ល្អ​គិត​ផ្សេង​ដោយ​មាន​គំនិត​ថា​បុគ្គលិក​គួរ​តែខិត​ខំ​ធ្វើ​ការ​ក្នុង​ន័យ​ផ្លាស់​ប្ដូរ​កម្លាំង​ជាមួយ​ប្រាក់​ខែ។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​មាន​ភាព​ជោគជ័យ​ក្នុង​ក្រុមហ៊ុន​ទាំង​មូល​ អ្នក​គ្រប់​គ្រង​ត្រូវ​តែ​ដឹង​អំពី​របៀប​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​ដើម្បី​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បំពេញ​ការងារ​ឲ្យ​ក្រុមហ៊ុន​អោយ​ទទួល​បាន​ភាព​ជោគជ័យ​ និងសម្មទ្ធិផល​ជា​ផ្លែ​ផ្កា។

5. មិន​បាន​ផ្តល់​ជា​មតិ​ស្ថាបនា​ និង​បទ​ពិសោធន៍​ការងារ​ដល់​បុគ្គលិក
ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​របស់​គេ ​ការ​ចែក​រំលែក​បទ​ពិសោធន៍​ការ​ងារ​ក៏​ដូច​ជា​ការ​ដុស​ខាត់​ណែ​នាំ​បុគ្គលិក​អោយ​ទទួល​បាន​ភាព​ជោគ​ជ័យ​ដូច​អ្ន​ក​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ដល់​ភាព​ជោគ​ជ័យ​របស់​អ្នក ​ក៏ដូចជា​ក្រុមហ៊ុន​ទាំងមូល។ ថ្ងៃ​ណា​មួយ​ មួយ​​ក្នុង​ចំណោម​បុគ្គលិក​របស់​អ្នក​នឹងឡើងមក​ជំនួស​កន្លែង​របស់​អ្នក​ ក្រោយពេលដែល​អ្នក​នឹង​ត្រូវ​បានតំឡើង​តំណែង​បន្ទាប់។ អ្នក​គ្រប់គ្រង ​ឬ​មេ​ដែល​ល្អ​នឹង​សួរ​អ្នក​អំពី​គំរោង​នា​ថ្ងៃ​អនាគត​ពី ៣​ ទៅ ៥ ឆ្នាំ​បន្ទាប់ និង​ជា​ធ្វើ​ជា​ផែន​ទីបង្ហាញ​ផ្លូវ​សំរាប់​បុគ្គលិក​​ដើម្បី​​​ទទួល​បាន​នូវភាព​ជោគជ័យ។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​មិន​ល្អ​ធ្វើ​ផ្ទុយ​ពី​ការ​ដែល​អ្នក​គ្រប់គ្រង​ល្អ​ធ្វើ​មក​លើ​អ្នក៕

loading...
SHARE