មិនចាំបាច់ប្រាប់ក៏ដឹងដែរថានៅពេលជិតប្រឡងម្តងៗរឺត្រូវដល់ពេលប្រគល់កិច្ចការសាលា មានសិស្សមួយ ចំនួនចាំ ដល់ពេលចុងក្រោយទើបខំប្រឹងព្យាយាមធ្វើសម្រេចតែម្តង។ ពេលខ្លះមួយថ្ងៃសម្រេច ការងារឲ្ យហើយក៏មានដែរ។ អ្នកអាចធ្វើបែបនេះតែចំពោះលទ្ធផលរបស់អ្នកប៉ុណ្ណោះព្រោះពិន្ទុគឺជារបស់អ្នក ប៉ុន្តែទម្លាប់នេះអាចធ្វើឲ្យអ្នកនៅតែប្រើវានៅពេលដែលអ្នកប្រលូកក្នុងវិស័យការងារ។ អ្នកត្រូវដឹងថាការងារ ដែលអ្នកធ្វើគឺសម្រេចលទ្ធផលឲ្យអ្នកដ៏ទៃ មិនមែនជារបស់អ្នកឡើយ។ ដូចនេះអ្នកត្រូវរៀនគ្រប់គ្រងពេលវេលា ធ្វើកិច្ចការឲ្យបានល្អ។

ការគ្រប់គ្រងពេលវេលាបានល្អមិនត្រឹមតែជួយឲ្យអ្នកអាចទទួលបានលទ្ធផលការសិក្សាប៉ុណ្ណោះទេ ថែមទាំងអាច កាត់បន្ថយភាពតានតឹងដល់អ្នកថែមទៀតផង។ ដោយសារមនុស្សម្នាក់ៗមានការងារ និងទំនួលខុសត្រូវដែលត្រូវធ្វើ យើងត្រូវចេះបែងចែកពេលវេលាឲ្យបានច្បាស់សំរាប់ការងារទាំងអស់នោះ។ ប្រសិនបើគ្រប់គ្រងម៉ោងការងារមិនបានល្អទេ អ្នកនឹងធ្វើឲ្យខ្លួនឯងពិបាកជាមិនខាន ហើយថែមទាំង ត្រូវគេស្តីឲ្យដោយសារតែការងារខ្ជីខ្ជារបស់អ្នក។ ហេតុអ្វីអ្នកមិនចំណាយពេលអានគំនិត នៃការគ្រប់គ្រង ពេលវេលាខ្លីៗនិងងាយស្រួលចាំខាងក្រោម?

១. រាយឈ្មោះការងារ (ចាប់ពីប្រភេទសំខាន់ជាងគេរហូតដល់ប្រភេទមិនសូវសំខាន់)
ជំហ៊ានដំបូងអ្នកត្រូវចាប់ផ្តើមរាយឈ្មោះការងារ ចាប់ពីការងារសំខាន់ជាងគេរហូតដល់ការងារមិនសូវសំខាន់។ អ្នកប្រហែលជាគិតថាអ្នកក៏ធ្លាប់បានដឹងវិធីនេះហើយដែរ ប៉ុន្តែសួរខ្លួនឯងទៅមើលតើអ្នកបានធ្វើហើយរឺនៅ។ ភាគច្រើនសិស្សគិតបែបនេះ ព្រោះគិតថាវាមិនសំខាន់។ អ្នកត្រូវដឹងថាការងារសាលាមិន ត្រឹមបង្រៀនឲ្យអ្នក ចេះនូវមេរៀនប៉ុណ្ណោះទេ ប៉ុន្តែបង្រៀនឲ្យអ្នកចេះគ្រប់គ្រងពេលវេលាពេលធ្វើកិច្ចការដែលសិស្សទូទៅ មិនបាន យល់ អំពីគោលបំណងនេះ ព្រោះប្រសិនបើអាចបង្កើតទម្លាប់ល្អគ្រប់គ្រងម៉ោងការងារបាន វាពិតជាល្អក្នុងការសម្រេចបានការងារដ៏ទៃទៀតនៅថ្ងៃមុខ។ ត្រូវចាំថាត្រូវធ្វើអាទិភាពការងារណា សំខាន់ជាងគេសិន។ បើមានកាលបរិច្ឆេទប្រគល់ការងារឲ្យគ្រូ ត្រូវសរសេរចំណាំទុកជាដាច់ខាត។

២. ធ្វើតារាងពេលសំរាប់ជីវិត
មានឈ្មោះការងារហើយ អ្នកត្រូវធ្វើតារាងមួយ រឺ ប្រតិទិន (ក្នុងទូរស័ព្ទ រឺកុំព្យូទ័រ) ដែលអាចឲ្យអ្នកគូស ចំណាំការងារ សំខាន់ៗជាងគេនៅលើនោះបាន។ ប៉ុន្តែកុំគិតអំពីតារាងការងាររៀងរាល់ថ្ងៃពេក អ្នកត្រូវចេះស្វែងរកពេលវេលាសំរាប់ខ្លួនឯងក្នុងសង្គមទើបល្អ ហើយត្រូវប្រាកដថាអ្នកមានពេល គេងគ្រប់គ្រាន់ចាប់ពី ៨ម៉ោងឡើងទៅ។

៣. បត់បែន ប៉ុន្តែប្រាកដនិយម
ជាទូទៅអ្នកមាន ២៤ម៉ោងក្នុងមួយថ្ងៃ។ អ្នកអាចបែងចែក២៤ម៉ោងនេះជា៣ គឺ៨ម៉ោងសំរាប់គេង ៨ម៉ោងសំរាប់ធ្វើការងារណាដែលអ្នកចង់ធ្វើ និង៨ម៉ោងទៀតសំរាប់រៀន។
ពិតណាស់ ក្រៅពីគេង៨ម៉ោង អ្នកអាចយក៨ម៉ោងទៀតទៅលេងកីឡា ជួបជុំមិត្តភក្តិ លេងហ្គេម រឺធ្វើកិច្ចការណាដែលអ្នកចង់ធ្វើ។សល់៨ម៉ោងទៀត អ្នកត្រូវយកពេលទាំងនោះមករៀន។ ក្នុងមួយសប្តាហ៍អ្នកចំណាយប្រហែល ៣៥ ទៅ ៤០ ម៉ោងក្នុងការរៀនក្នុងថ្នាក់ និងចូលរួមសិក្ខាសាលា។ ប៉ុន្តែក្នុងករណីដែលអ្នកទទួលបានម៉ោងរៀនតិចជាងនេះ អ្នកគួរយកពេលនៅសល់ទៅធ្វើស្វ័យសិក្សាដើម្បីបង្កើនចំណេះរបស់អ្នក។មែនហើយ មានការងារខ្លះដែលចំណាយពេលច្រើនជាងអ្វីដែលអ្នកបានរំពឹងទុក អញ្ចឹងហេតុអ្វីក៏អ្នកមិនទុកពេលឲ្យខ្លួនឯងបន្ថែមទៀតដើម្បីសម្រេចការងារនោះ?

៤. ជៀសវាងការពន្យារពេល និងការរំខាន
ការពន្យារពេលគឺជាទម្លាប់ដ៏អាក្រក់មួយក្នុងជីវិត។ វិធីជៀសវាងការពន្យារពេលគឺត្រូវគិតអំពីទីកន្លែងផ្សេងៗដែលអ្នកបានទៅសិក្សា។ តើកន្លែងណាខ្លះដែលអ្នកអាចយកចិត្តទុកដាក់រៀនបានច្រើនជាងគេ? តើកន្លែងណាខ្លះដែលរំខានអ្នកជាងគេ?ត្រូវចាំថាការរៀនជាក្រុមអាចរំខានអ្នកវិញទេព្រោះមិត្តរបស់អ្នកជាអ្នករំខាន។ ប៉ុន្តែមិនទាំងអស់ទេ។ ក្រុមអ្នករៀនខ្លះអាចរៀនបានច្រើនទៅវិញដោយសារមានមិត្តភក្តិនៅជុំវិញជួយជំរុញ។ ដូចនេះអ្នកត្រូវអង្កេតមើលក្រុមរៀនរបស់អ្នកដោយខ្លួនឯង។

៥. ហាត់ប្រាណ
តើអ្នកជឿទេថាការហាត់ប្រាណអាចធ្វើឲ្យអ្នកមានអារម្មណ៍ជ្រះថ្លា និងជួយឲ្យអ្នកបន្ថយភាពតានតឹងបន្ទាប់ពីការសិក្សា? ត្រឹម១០នាទីសំរាប់ការហាត់ប្រាណក៏អាចជួយបានច្រើនដែរ។

៦. ធ្វើបច្ចុប្បន្នភាពតារាងការងាររបស់អ្នក
ចូររំលឹក និងធ្វើបច្ចុប្បន្នភាពតារាងការងាររបស់អ្នកឡើងវិញ ព្រោះវាអាចជួយការគ្រប់គ្រងពេលវេលាអោយមានសណ្តាប់ធ្នាប់ និងអាចកែតម្រូវទៅតាមស្ថានភាពជាក់ស្ដែង។

ចូរកុំភ្លេចណា! ការគ្រប់គ្រងពេលវេលានេះគឺសំរាប់ការងារសាលារបស់អ្នក ប៉ុន្តែវាក៏អាចជួយឲ្យអ្នកចំណាយពេលជាមួយគ្រួសារនិងមិត្តភក្តិបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ (Be A Systematic Person)

SHARE