ប្រទេសវៀតណាម នៅពេលនេះ កាន់តែចំណាយ លុយច្រើន ឡើងៗ បន្ថែមទៀត ពោលគឺ ដល់ទៅចំនួន ប្រហែល ១៦៤លាន ដុល្លារអាមេរិក ទៅ លើបន្លែ ក៏ដូចជា ផ្លែឈើ ដែលធ្វើ ការនាំចូលពី ក្រៅប្រទេស ..

នៅក្នុងរយៈពេល តែពីរខែដំបូង នៃឆ្នាំ២០១៧ នេះប៉ុណ្ណោះ ហើយ ចំនួននេះ បានកើនឡើង ដល់ទៅ ៥៥ភាគរយ បើធៀបនឹង ពេល ដូចគ្នានៅឆ្នាំ២០១៦ ។ នេះបើតាម ការចេញផ្សាយ ដោយ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួរ នៅ ថ្ងៃ អង្គារ ទី១៤ ខែមីនា ឆ្នាំ២០១៧ ។

គេសង្កេតឃើញថា​ប្រជាជនវៀតណាម​ពីមួយឆ្នាំទៅមួយឆ្នាំ​កាន់តែមាន​ទំនោរ​ទៅរកបន្លែ-ផ្លែឈើ​ដែលនាំចូល​ពីបរទេស​ជាពិសេសចិន​និងថៃតែម្តង​ ជាជាងការទិញផលិត​ក្នុងស្រុក​របស់ខ្លួន ពីព្រោះតែ​បញ្ហានៃការ​ប្រើប្រាស់ថ្នាំគីមី​ច្រើនលើស​លប់ហួស​កំណត់ ដោយ​ហេតុ​តែចង់​បាន​ផលចំណេញ​ច្រើន​​​រហូត​បង្ក​​ជា​ផល​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​ដល់​​សុខភាព​​​អ្នក​បរិភោគ។

ប្រទេសវៀតណាម​បានចំណាយ​ប្រាក់ជាង​ ៨២លានដុល្លារ ដើម្បីនាំចូល​បន្លែ និងផ្លែឈើពី​ប្រទេសថៃ​កាលពី​ខែមករា​ និងកុម្ភៈ​​កន្លងទៅ ដោយប្រជាជាតិ​អាស៊ាន​ដែលនៅក្បែរខាង​មួយនេះ​ទទួលបន្ទុកដល់​ទៅ​ ៥០ភាគរយ​នៃបន្លែ-ផ្លែឈើ​នាំចូលទៅកាន់​វៀតណាម។ ដោយ​ឡែក​​ប្រទេសចិន​បានឈរនៅលេខរៀង​ទីពីរ​ជាមួយចំណែក​១៩ភាគរយ និងតាមពី​ក្រោយដោយ​មីយ៉ាន់ម៉ា (០៩ភាគរយ) និង​​សហរដ្ឋ​អាមេរិក (០៨ភាគរយ)។

គួរបញ្ជាក់ថា​ទោះបីជាមាន​ឈ្មោះថា​ ជាប្រទេសដើរ​ដោយវិស័យ​ឧស្សាហកម្ម​យ៉ាងណាក្តី វៀតណាម​បានបង្កើនការ​ចំណាយយ៉ាងច្រើន​​សន្ធឹកសន្ធាប់​ ទៅលើការ​នាំចូលបន្លែព្រម​ទាំងផ្លែឈើ។ តួយ៉ាងកាល​ពីឆ្នាំ២០១៦ ប្រទេសអាស៊ាន​មួយនេះបានចាយ​លុយប្រមាណ ៩២៥​ដុល្លារ​សហរដ្ឋអាមេរិក​លើផលិតផល​ទាំងនេះ ដោយវា​បានកើនជិត​៥០ភាគរយធៀប​នឹងឆ្នាំ២០១៥៕

 

SHARE