រឿងឪឡឹក (រឿងដែលគេតំណាលតគ្នាជាយូរមកហើយ។ អ្នកធ្លាប់អានឬនៅ?)
បុរសម្នាក់ឈ្មោះ ក បានតូចចិត្តនឹងចៅហ្វាយរបស់ខ្លួន ព្រោះខ្លួនបានធ្វើការជិត ៥ ឆ្នាំហើយ តែនៅតែតំណែងដដែល ខណៈបុរសម្នាក់ទៀតឈ្មោះ ខ ទើបតែ ចូលធ្វើការបាន ២ ឆ្នាំ តែឡើងតំណែងយ៉ាងខ្ពស់។ មួយរយៈមកបុរស ក នោះ ក៏ដាច់ចិត្តទៅសួរចៅហ្វាយថា ហេតុអ្វីក៏លម្អៀងម្ល៉េះ មិនគិតគូរពីបុគ្គលិកចាស់ផង។ ពេលនោះចៅហ្វាយមិននិយាយច្រើនឡើយគ្រាន់តែឱ្យគាត់ទៅផ្សារសួរពីតម្លៃផ្លែឳឡឹក។ ដើម្បីយកចិត្តចៅហ្វាយ គាត់ក៏ទៅភ្លាមហើយត្រឡប់មកវិញយ៉ាងរហ័ស។
បុរស ក៖ ជម្រាបចៅហ្វាយ!​ ឪឡឹកនៅផ្សារមួយផ្លែ ៣០០០ រៀល!
ចៅហ្វាយ៖ ចុះបើទិញ ១០ គេចុះថ្លៃខ្លះឬអត់? ហើយឪឡឹកនោះល្អដែរអត់?
បុរស ក៖ (នៅឈរមីងមាំងមួយសន្ទុះ) ចាំខ្ញុំទៅសួរគេម្ដងទៀត!
ចៅហ្វាយ៖ មិនបាច់ទេ! ចាំខ្ញុំឱ្យបុរស ខ ទៅម្ដង!
ហើយចៅហ្វាយក៏ឱ្យគេហៅបុរស ខ ចូលមកនិងប្រាប់បុរស ខ នោះ ឱ្យទៅសួរតម្លៃឪឡឹកនៅផ្សារ។
បុរស ខ ទៅមួយសន្ទុះក៏ត្រឡប់មកវិញហើយ រៀបរាប់៖
បុរស ខ៖ ជម្រាបលោកចៅហ្វាយ! ឪឡឹកនៅផ្សារមួយផ្លែ ៣០០០ រៀល ហើយបើយើងទិញច្រើនគេចុះឱ្យក្នុង ១០ ផ្លែ គេគិតមួយផ្លែ ២៥០០ រៀល! តែតាមខ្ញុំសង្កេតមើល មានតែ ២-៣ ផ្លែទេដែលល្អ បើចង់បានច្រើនគួរចាំទិញស្អែក។ ចាំខ្ញុំកុម្ម៉ង់គេឱ្យទុកអាល្អៗឱ្យយើង!
គ្រាន់តែបុរស ខ និយាយចប់ ចៅហ្វាយបានងាកមកមើលបុរស ក ហើយបុរស ក ក៏ស្រឡាំងកាំងនិងចាប់ផ្ដើមយល់ថាហេតុអ្វីបានជាបុរស ខ ដែលចូលធ្វើការក្រោយគាត់សោះ តែអាចឡើងតំណែងបានលឿនជាងគាត់។ ក្រោយមកបុរស ក ក៏ឈប់ត្អូញត្អែរ និងគិតតែខិតខំធ្វើការដោយភាពវៃឆ្លាត និងច្នៃប្រឌិតរហូតបានឡើងតំណែងដែរ!
SHARE