ភាសាសំខាន់ណាស់នៅក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះថាមនុស្សយើងម្នាក់ៗត្រូវការទំនាក់ទំនងគ្នា ហើយយើងក៏មិនអាចរស់នៅដាច់ដោយឡែកតែឯងបានឡើយ។ ខាងក្រោមនេះជាមូលហេតុច្រើនយ៉ាងដែលយើងគួរតែរៀនភាសាបរទេសឲ្យបានច្រើនភាសា។

១.​ ឱកាសការងារ
នៅពេលដែលយើងចេះភាសាច្រើនឱកាសក្នុងការទទួលបានការងារក៏មានច្រើនជាងមុនដែរ។ ពិភពលោកកំពុងតែអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏មានវិនិយោគិនជាច្រើកំពុងតែមកធ្វើវិនិយោគនៅតាមប្រទេសដ៏ទៃ ដូច្នេះហើយប្រសិនបើយើងចេះលើសពីរពីរភាសា យើងមានអាទិភាពច្រើនក្នុងការស្វែងរកទីផ្សារកាងារជាងអ្នកដែលចេះតែមួយ ឬពីរភាសា។ យើងអាចធ្វើការងារនៅតាមក្រុមហ៊ុន ឬក៏ធ្វើការដោយឯករាជ្យក៏បាន។

២.ធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានល្អ
តាមការស្រាវជ្រាវបានឲ្យដឹងថា ការដែលយើងចេះភាសាច្រើន ហើយនិយាយវាជារៀងរាល់ថ្ងៃ ជួយឲ្យយើងមានភាពបត់បែនបានល្អ ការចងចាំរបស់យើងល្អមិនថាយើងអាយុចាស់ប៉ុណ្ណាក៏ដោយ។

៣. បង្កើនទំនុកចិត្តខ្លួនឯង
វាធ្វើឲ្យយើងជឿជាក់លើខ្លួនឯងជាងមុន ហើយក៏ជួយកាត់បន្ថយនូវភាពភ័យខ្លាចរបស់យើងថែមទៀតផង។ ម្យ៉ាងវិញទៀតការសិក្សាច្រើនភាសាជួយឲ្យយើងស្វែងយល់ពីខ្លួនឯងឲ្យកាន់តែច្បាស់។ លើសពីនេះ វាជួយឲ្យយើងក្លាយទៅជាមនុស្សម្នាក់ដែលមានចិត្តទូលាយជាងមុនផងដែរ។

៤. បង្កើតមិត្តថ្មី
នៅពេលដែលយើងចេះភាសាច្រើន យើងក៏អាចមានមិត្តថ្មីៗដែលជាជនជាតិផ្សេងពីយើងព្រោះថាយើងអាចទំនាក់ទំនងជាមួយនឹងពួកគេបាន។ ការដែលយើងបានជួបមនុស្សច្រើន យើងក៏អាចរៀនអ្វីថ្មីៗពីពួកគេ និងធ្វើឲ្យជីវិតរបស់យើងមានក្តីសុខ។ នេះគឺជាមូលហេតុមួយធំបំផុតក្នុងការសិក្សាភាសាបរទេស។

៥.​ មានភាពងាយស្រួលក្នុងជីវិតរស់នៅ
ពិតណាស់ប្រសិនបើយើងត្រូវទៅរស់នៅជាមួយក្រុមមនុស្សដែលនិយាយភាសាផ្សេងពីយើង សួរថាតើមានភាពងាយស្រួលក្នុងការទំនាក់ទំនងប្រចាំថ្ងៃដែរឬទេ? យើងមិនអាចដឹងបានថាគេចង់និយាយអ្វី ចង់បានអ្វីពីយើង ជួនកាលគេនិយាយពាក្យមិនល្អដាក់យើងនៅនឹងមុខយើងក៏យើងមិនដឹងដែរ។ លើសពីនេះទៅទៀត នៅពេលដែលយើងមិនចេះភាសារបស់គេ យើងអាចនឹងត្រូវគេបោកបញ្ឆោតបានដោយងាយទៀតផង។

ឃើញហើយមែនទេថាយើងនឹងទទួលបានផលប្រយោជន៍អ្វីខ្លះដោយគ្រាន់តែចេះភាសា! តោះទៅរៀនភាសាថ្មីទាំងអស់គ្នា!

SHARE