មូលហេតុ ប្រហែល មក ពី ៖
១- ជំនាន់ នោះ មាន ការ ប្រយុទ្ធរវាង សៀមនិងខ្មែរ ព្រមទាំង មានការលុកលុយពីបារាំង។ ជីវិតនៅក្នុងសង្គ្រាមពិត ត្រូវរត់លូនគេចខ្លួន ដើម្បីរស់។ ស្ត្រីត្រូវបង្ខំចិត្តកាត់សក់ខ្លីដើម្បីងាយស្រួលក្នុងការថែខ្លួនពេលធ្វើ ដំណើររត់លូន។
២- ថ្វីបើពួកបារាំងមានអនាម័យហើយបានដឹកនាំរបស់របរប្រើប្រាស់ពីបារាំងចូល ស្រុកខ្មែរប៉ុន្តែការដឹកនាំជំនាន់នោះមានកម្រិតព្រោះលំបាកដឹកតាមកប៉ាល់ទឹក ឬកប៉ាល់ហោះធ្វើអោយឥវាន់ឡើងថ្លៃហួសប្រមាណមិនសូវមាននរណាមាន សមត្ថភាពឬ លទ្ធភាពទិញសាប៊ូឬគ្រឿងអប់ខ្លួនពីស្រុ បារាំងយកមកប្រើឡើយវៀរលែង តែអភិជនវណ្ណៈលើប៉ុណ្ណោះ។ ដូច្នេះការថែរក្សាសក់អោយមានអនាម័យពិតជា ពិបាកសូម្បីតែក្នុងចំណោមត្រកូលអភិជន។ ភាគច្រើនគេច្រើនប្រើទឹកក្បុងដើម្បី កក់សក់បំបាត់ក្លិន។

៣- ស្ត្រី ទូទៅ ជាពិសេស បាវបម្រើ ច្រើន ដេក មុង មួយ ជាមួយ គ្នា ច្រើន នាក់។ កាលណា មាន សក់ វែង ហើយ ខ្វះ ការថែទាំ, ស្រី្ត ទាំងនោះ អាច ឆ្លង ចៃ ពី គ្នា ទៅវិញទៅមក បាន ដោយ ងាយ។ ដូច្នេះ គេ ត្រូវ កាត់ សក់ អោយ ខ្លីៗ ដើម្បី ងាយ ថែ ហើយ ចៃ ក៏ មិន ងាយ ដើរ ឆ្លង ដល់ ពី ម្នាក់ ទៅ ម្នាក់ ទៀត ដែរ វៀរ លែង តែ ដេក ខ្នើយ ជាមួយ គ្នា។
៤- ជំនាន់នោះ គេ ស៊ីវីល័យ តាម អឺរុប ហើយ ព្រោះ ពួកបារាំង ច្រើន គិត ថា ស្រី្ត ដែល មាន សក់ វែង ជា មនុស្ស ខ្ជិល ធ្វើការ អ្វី អាល័យ តែ កៀស ទើសទាក់ ជាមួយ សក់ ធ្វើការ មិន បាន លឿន រហ័ស ទាន់ ចិត្ត ដូច្នេះ ហើយ ទើប ស្ត្រី ទីក្រុង ប្ញ ស្រី ក្នុង វាំង ឬ ស្ត្រី បម្រើ ហ្លួង ត្រូវ ផ្លាស់ប្តូរ ខ្លួន តាម លំហូរ សម័យ ស៊ីវិល័យនិយម បែប អឺរ៉ុប កាត់ សក់ ខ្លីៗ អញ្ចឹង ទៅ។
៥- ម៉្យាងទៀត នៅ ជំនាន់ សង្គ្រាម, ការគ្រប់គ្រង ប្រទេស មិន សូវ បាន ដិតដល់ ធ្វើ អោយ កើត មាន អនាធិបតេយ្យ និង អសន្តិសុខ។ ស្ត្រី និង នារី រមែង ទទួល រងគ្រោះ ឬ ទារុណកម្ម ងាយ ណាស់ ពី បុរស។ ស្ត្រី និង នារីជំទង់ ត្រូវ កាត់ សក់ ខ្លី ពេល ដេក យប់ យក ខោអាវ ប្រុស មក ស្លៀកពាក់ ដើម្បី ងាយ បន្លំ ជា ប្រុស កុំ អោយ ហ្វូងមនុស្ស ប្រុស ចិត្ត យង់ឃ្នង វា ចូល ចាប់ រំលោភ ធ្វើបាប។
៦- នៅ ជំនាន់ នោះ, ស្ត្រី និង នារី មិនត្រឹម តែ កាត់ សក់ ខ្លី ទេ តែ មាន ស្ត្រី និង នារី ខ្លះៗ បាន ចាប់ ផ្តើម កាត់ កន្ទុយ ក្បិន ចោល ដោយ ស្លៀក សំពត់ រុំ ខ្លួន ធម្មតា ជា ជំនួស វិញ។ ស្ត្រី មួយ ចំនួន តូច ក៏ ចាប់ ផ្តើម រៀន ស្លៀកខោ តាម ពួក បារាំង បណ្តើរៗ ហើយ ថ្វីបើ មិន សូវ មាន អ្នកនិយម ក៏ ដោយ ជាពិសេស ស្ត្រី ដែល នៅ ធ្វើការ ឬ នៅ បម្រើ ជិតដិត ជាមួយ បារាំង។
៧- ស្ត្រី ដែល នៅ បម្រើ បារាំង សុទ្ធ តែ កាត់ សក់ ខ្លីៗ។ ចាស់ៗ ខ្លះ ពោល ថា ពួក បារាំង ខ្លាច ស្រី ខ្មែរ ទុក សក់ វែង ទៅ ស្រស់ ស្អាត សោភា ជាង ពួក ស្រី បារាំង ទើប វា អោយ ស្រីខ្មែរ ដែល ទៅ បម្រើ វា ឬ ធ្វើការ អោយ វា កាត់ សក់ ខ្លី គ្រប់គ្នា។
៨- ដោយសារ ជំនឿ អរូបី ថា ខ្មោចព្រាយ សុទ្ធ តែ មាន សក់ វែង ដូច្នេះ បានជា មាន ហ្លួង មន្ត្រី ឬ អភិជន ខ្លះ ដេញ បាវបម្រើ អោយ កាត់ សក់ ខ្លី អោយ អស់ ដើម្បី ងាយ សម្រួល អារម្មណ៍ របស់ ខ្លួន កុំ អោយ ភ័យ ខ្លាច។
៩- ស្ត្រី ខ្លះ ដែល មាន ប្តី ធ្វើ កង ទ័ព ការពារ ទឹកដី ភូមិ ស្រុក របស់ ខ្លួន ក៏ សុខ ចិត្ត កាត់ សក់ ខ្លី ដើម្បី មាន ឱកាស ហាត់ ហ្វឹកហ្វឺន ក្បាច់គុន ដើម្បី ជួយ ការពារ គ្រួសារ ការពារ ដី ភូមិ ពេល ប្តី ចេញ ទៅ ច្បាំង បាត់។
១0- ស្រី្ត ខ្លះ ទៀត ឃើញ គេ កាត់ សក់ ខ្លី ក៏ កាត់ តាម គ្នា ដោយ គិត ថា នោះ ជា ម៉ូដ ថ្មី ប្លែក ដែល មិន ទាន់ ធ្លាប់ មាន ក្នុង បវេណី ដែល ខ្លួន រស់នៅ។
អត្ថបទអ្នកស្រី កែវ ច័ន្ទបូរណ៍

SHARE