Loading...

ចិន៖ ថ្មីៗនេះ គេហទំព័រ Sina បានចុះផ្សាយព័ត៌មានទាក់ ទងនឹងរឿងរ៉ាវស្នេហាស្មោះ ស្ម័គ្ររបស់គូស្នេហ៍មួយគូ ដែលមកពីខេត្ត Hubei ប្រទេសចិន។ គូស្នេហ៍វ័យក្មេងនេះ មានឈ្មោះ កញ្ញា Xiao Xia និងលោក Xiao Geng។

ជាអកុសល កាលពីកន្លះខែមុន លោក Xiao Geng បានជួបគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ ដែលបណ្តាលឲ្យខ្លួនប្រាណរបស់គេ ឆេះអស់ប្រហែល ៩០% ឯណោះ។ បន្ទាប់ពីការសម្រាកព្យាបាលអស់រយៈពេល ១២ថ្ងៃ ទើបលោក Xiao Geng ផុតគ្រោះថ្នាក់ ហើយឥឡូវនេះ គេកំពុងស្ថិតនៅក្នុងបន្ទប់ ICU។

បើទោះបីជា លោក Xiao Geng បានរួចជីវិតក៏ដោយ ប៉ុន្តែគ្រូពេទ្យបានប្រាប់ទៅកាន់ នារីជាសង្សាវ័យ២២ឆ្នាំថា រូបរាងកាយមិត្តប្រុសរបស់នាង មិនអាចដូចដើមវិញទេ ហើយគេក៏ប្រឈមមុខនឹង ពិការភាពនៅផ្នែកខ្លះផងដែរ។ មិនតែប៉ុណ្ណោះ គ្រូពេទ្យបាននិយាយទៀតថា ដោយសារតែស្ថានភាពរបួសមានភាពធ្ងន់ធ្ងរ ដូច្នេះសម្រាប់ការព្យាបាល និងថ្នាំពេទ្យ ត្រូវចំណាយប្រមាណ ១លានយ័ន (ប្រហែល១៥ម៉ឺនដុល្លារ) ឯណោះ។

បងប្អូន និងមិត្តភក្តិមួយចំនួន ដែលបានដឹងអំពីស្ថានភាពរបស់អ្នកទាំងពីរ បានណែនាំកញ្ញា Xiao Xia ឲ្យឈប់ពាក់ព័ន្ធជាមួយមិត្តប្រុសរបស់នាង ដោយពួកគេបាននិយាយថា៖

“ជីវិតរបស់អ្នកនៅមានផ្លូវវែងឆ្ងាយទៀតណាស់ កុំយកគេមកធ្វើជាបន្ទុករបស់អ្នក”។

ទោះជាយ៉ាងណា នារីស្មោះស្នេហ៍រូបនេះ មិនបានបោះបង់មិត្តប្រុសរបស់នាង នៅពេលដែលគេកំពុងត្រូវការនាងនោះទេ។ មិនតែប៉ុណ្ណោះ នាងថែមទាំងបាននិយាយថា៖

“នៅពេលដែលគេភ្ញាក់ដឹងខ្លួនវិញ ខ្ញុំនឹងសុំគេរៀបការ! កាលពីមុន គាត់គឺជាអ្នកមើលថែខ្ញុំ ឥឡូវនេះដល់ពេលដែលខ្ញុំត្រូវ មើលថែគាត់វិញម្តងហើយ។”

គួរបញ្ជាក់ថា ពួកគេទាំងពីរបានស្គាល់គ្នាតាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ ដែលពេលនោះ លោក Xiao Geng បានលង់ស្រឡាញ់ កញ្ញា Xiao Xia និងបានតាមចែចង់នាងអស់រយៈពេលជាច្រើនឆ្នាំ រហូតដល់ពេលដែលពួកគេមានអាយុ២០ឆ្នាំ ទើបពួកគេសម្រេចចិត្តទទួលយកគ្នាជាសង្សា។

Loading...

បន្ទាប់មកទៀត ពួកគេក៏ទៅធ្វើការនៅខេត្ត Guangdong បានរយៈពេល២ឆ្នាំ និងមានគម្រោងទៅរៀបការនៅស្រុកកំណើតវិញ នៅចុងឆ្នាំនេះ។

កញ្ញា Xiao Xia បានបញ្ជាក់ថា ទោះបីជាពួកគេមិនអាចរកប្រាក់ ចំណូលបានច្រើន ប៉ុន្តែពួកគេបានរស់នៅជាមួយគ្នា ដោយមានសុភមង្គលបំផុត ប៉ុន្តែនៅពេលនេះស្រាប់តែវាសនាកំណត់ឲ្យពួកគេ ជួបរឿងកំប្លែងដ៏ឈឺចាប់បែបនេះទៅវិញ។

អំឡុងពេល១២ថ្ងៃ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នោះ កញ្ញា Xiao Xia គេងមិនលក់សោះ ព្រោះនាងព្រួយបារម្ភខ្លាចមិត្តប្រុសរបស់នាង អាចនឹងស្លាប់ចោលនាង។ នាងថែមទាំងនិយាយទៀតថា ៖

“ខ្ញុំចង់នៅរងចាំក្នុងបន្ទប់ ICU នោះរាល់យប់ ដូច្នេះនៅពេលដែលគេដឹងខ្លួនវិញ ខ្ញុំនឹងអាចនៅក្បែរគេភ្លាមៗតែម្តង”។
 
 ទីបំផុត ឪពុករបស់លោក Xiao Geng បានជួលបន្ទប់មួយទល់មុខមន្ទីពេទ្យ ដើម្បីឲ្យនាងអាចស្នាក់នៅក្បែរអ្នកជំងឺបំផុត ហើយម្ចាស់បន្ទប់នោះ ក៏បានបញ្ចុះតម្លៃឲ្យពួក គេពាក់កណ្តាលផងដែរ បន្ទាប់ពីបានដឹងអំពីរឿងហេតុដ៏រន្ធត់ចិត្តនេះ។ មិនតែប៉ុណ្ណោះ ម្ចាស់ផ្ទះក៏បានអនុញ្ញាតឲ្យកញ្ញា Xiao Xia ប្រើប្រាស់ចង្ក្រានបាយរបស់ពួកគេដោយឥតគិតថ្លៃ ដើម្បីឲ្យនាងអាចធ្វើម្ហូបយកទៅពេទ្យផងដែរ។
 
 ម្ចាស់ផ្ទះក៏បានអនុញ្ញាតឲ្យកញ្ញា Xiao Xia ប្រើប្រាស់ចង្ក្រានបាយដោយឥតគិតថ្លៃផងដែរ
 ម៉ោង៣ល្ងាចជារៀងរាល់ថ្ងៃ គឺជាពេលដែលកញ្ញា Xiao Xia មានភាពរីករាយបំផុត ដោយសារតែនាងអាច មើលឃើញមិត្តប្រុសរបស់ខ្លួន ពីកញ្ចក់បង្អួចនៃបន្ទប់ ICUនោះ។ នាងបាននិយាយជាចុងក្រោយថា៖

“ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ហើយខ្ញុំដឹងថា នៅលើលោកនេះ គ្មាននរណាម្នាក់អាចមើល ថែខ្ញុំបានល្អជាងគាត់នោះទេ។ ខ្ញុំនឹងមិនទៅចោលគាត់ឡើយ”។

នាងអាចមើលឃើញមិត្តប្រុសរបស់ខ្លួន ពីកញ្ចក់បង្អួចនៃបន្ទប់ ICUនោះ
ប្រភព៖ khmerload

loading...
SHARE