MV​ បទ​ចម្រៀង​”វស្សា​ទឹកជន់​” របស់​តារា​ចម្រៀង​កញ្ញា ​និរត្តន៍​ ត្រូវ​បាន​អ្នក​ទស្សនា​ជា​ច្រើន​មើល​ឃើញ​ថា ​MV បទ​នេះ​ផលិត​ឡើង​មាន​ការ​សម្រិតសម្រាំង​បាន​ល្អ​ និង​ចំណាយ​ខ្ពស់​ ​ទើប​ធ្វើ​ឲ្យ​បទ​នេះ​ល្បី​ខ្លាំង ​ខណៈ​ដែល​ចេញ​មាន​រយៈ​ពេល​មិនទាន់​បាន​២៤​ម៉ោង​​មាន​អ្នក​ចូល​ទស្សនា​ច្រើន​។ ការ​ពិត​នៅ​ពីក្រោយ​ការ​ផលិត MV ​បទ​នេះ ​គឺ​មាន​ថ្នាក់​ដឹកនាំ​ជាក់​ខ្ពស់​របស់​ ថោន ​ជា​អ្នក​ចុះ​ដឹកនាំ​ផលិត​ផ្ទាល់​។

លោក​ អ៊ិន រិទ្ធីចិត្រ​ អ្នក​គ្រប់គ្រង​ការ​ផលិត ​នៅ​ផលិតកម្ម​ ថោន ​បាន​ប្រាប់​ផ្ដល់​បទសម្ភាសន៍​តាម​ទូរស័ព្ទ​ជា​មួយ​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube ​ថា ​MV ​បទ ​”វស្សា​ទឹកជន់​”របស់​កញ្ញាំ និរត្តន៍ គឺជា​បទ​ចម្រៀង​មេ​ ក្នុង​វ៉ុល​ស្វាគមន៍​ពិធី​បុណ្យ​ភ្ជុំ​ ដូច្នេះ​ហើយ​ថ្នាក់​លើ​ក៏​​សម្រេច​ផលិត​MV បទ​នេះ​ឲ្យ​បាន​ល្អ​ ទើប​លោក​សម្រេចចិត្ត​ចុះ​ដឹកនាំ​ផលិត​ផ្ទាល់​ខ្លួន​តែម្ដង​។

លោក​បន្ត​ថា​ MV ​បទ​ខាងលើ​បាន​ចុះ​ថត​៣​ទីតាំង​នៅ​ជាយ​រាជធានី​ភ្នំពេញ ​ហើយ​រយៈពេល​ថត​ និង​រក​ទីតាំង ​គឺ​៤​ថ្ងៃ ​និង​បាន​ចំណាយ​ការ​ថត​ចំនួន​១​ពាន់​ដុល្លារ​ ។ អ្នក​គ្រប់គ្រង​រូប​នេះ​បន្ត​ថា​ លោក​ខាន​បាន​ចុះ​ដឹកនាំ​ថត​ MV ​មួយ​រយៈ​មក​ហើយ​ តែ​ដោយ​សារ​បទ​នេះ​ក្រុមហ៊ុន​ចង់​បាន​ល្អ​ ទើប​លោក​វិល​មក​កាន់​ការងារ​ដឹកនាំ​ថត​ឡើង​វិញ​។

ជាមួយ​នេះ​គ្នា​យើង​ក៏​បាន​លើក​យក​ចម្ងល់​ពី​ទស្សនិកជន​សួរ​ថា​ ឮ​ថា​បទ​នេះ​ ថោន ​មាន​គោលបំណង​លើក​ស្ទួយ ​និរត្តន៍​ ទើប​ផលិត​បទ​ និង ​MV ​ឲ្យ​កញ្ញា​បាន​ល្អ​ ជា​កាត​ពិត​ទេ​ ? សំណួរ​នេះ​ត្រូវ​បាន​លោក ​អ៊ិន រិទ្ធីចិត្រ ​ប្រាប់​ថា​ មិនមែន​ទេ​ ថោន​ មាន​គោល​ការ​លើក​ស្ទួយ​តារា​ចម្រៀង​ស្មើ​គ្នា​ល្អ​ណាស់ ​តែ​ដោយ​សារ​បទ​នេះ​ស៊ី​នឹង​សំឡេង ​និរត្តន៍​ ហើយ​គាត់​ក៏​ច្រៀង​បាន​ល្អ​ ទើប​ក្រុមហ៊ុន​លើក​បទ​នេះ​​ ដោយ​សារ​មាន​អ្នក​គាំទ្រ​ច្រើន​៕ ផ្តល់សិទ្ធិដោយ៖ Kqube

SHARE