Loading...

ប្រសិនបើគ្មានអ្វីប្រែប្រួលទេ គឺតារាចម្រៀងមានរូប សម្រស់ស៊ីដាច់គេរបស់ ផលិតកម្មរស្មីហង្សមាស សុគន្ធ និសា ឬប៊ុន សុគន្ធា នឹងដឹកដៃសង្សារថ្មី អាណិកជនខ្មែរ នៅអាមេរិក លោកសាំបា ចូលរោងការ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ នេះបើតាមប្រភពពី តារាចម្រៀងម្នាក់ នៅហង្សមាស ដែលជិតដិតបំផុតជាមួយនិសា ក៏ដូចជាម្ចាស់ហាង សម្អាងការមួយចំនួន ដែលធ្លាប់ហៅតារារូបនេះថតស្ពត បានបង្ហើបប្រាប់អ្នកយក ព័ត៌មានយើងកាលពីពេលថ្មីៗនេះ។

ប្រភពបានឱ្យដឹងថា លោកសាំបាត ចង់រៀបការជាមួយនិសា ដោយស្នើសុំជាច្រើនលើកច្រើនសាមកហើយ តែដំបូងនិសា បានរារែកមិនហ៊ានរៀបការឡើយ ព្រោះខ្លាចប៉ះពាល់ដល់អាជីពចម្រៀង និងម៉្យាងទៀត នាងត្រូវការស្វែងយល់ចិត្ត ជាមួយអាណិកជនខ្មែររូបនោះ ឱ្យបានច្បាស់លាស់សិន ទើបសម្រេចចិត្ត តែពេលនេះ និសា បែរជាលែងប្រកែកពីរឿងលោកសាំបា រំអុករៀបការនោះទៅវិញ។

ព័ត៌មានបានឱ្យដឹងថា ពេលនេះភ្ញៀវដែលភាគច្រើន ខាងនិសា ជាតារាល្បីៗត្រូវបាននិសា រៀបចំឈ្មោះអស់ហើយ ក្នុងការអញ្ជើញឱ្យចូលរួម ស្របពេលដែលលោកសាំបា មានភ្ញៀវច្រើនជាអ្នកជំនួញ និងអាណិកជនខ្មែរ មកពីបរទេស ហើយមង្គលការនេះនឹងរៀបចំនៅទីតាំងដ៏ប្រណីត ដើម្បីសមទៅនឹងកេរ្តិ៍ឈ្មោះ របស់អ្នកចម្រៀងល្បីល្បាញ របស់ផលិតកម្មរស្មីហង្សមាស នេះ។

សុគន្ធ និសា បានបិទទូរស័ព្ទទាំង២ប្រព័ន្ធ ទើបមិនអាចសុំការបញ្ជាក់ ពីរឿងត្រៀមរៀបការនេះឡើយ។ ដោយឡែកអ្នកដឹកនាំ សម្តែងភាពនៅហង្សមាស ម្នាក់ ដែលជិតស្និទ្ធនិសា បែរជាថា មិនហ៊ាននិយាយ និងថា គ្មានលេខទូរស័ព្ទថ្មីរបស់និសា ឡើយ តែលោកបែរជាថា និសា អាយុ៣៤ទៅ៣៥ឆ្នាំ គឺដល់ពេលរៀបការហើយ ចាំអង្កាល់ទៀត។

ចំណែកកញ្ញាវ៉ាន់ នីឡា ដែលជាអតីតប្អូនថ្លៃ សុគន្ធ និសា ហើយនៅតែមានការរាប់អានគ្នាធម្មតានោះ បានឱ្យដឹងថា “ខ្ញុំអត់ទាន់បានធៀបការបងនិសា ទេ! ខ្ញុំអត់ដឹងរឿងគាត់ការទេ។ សម្រាប់ខ្ញុំ បើជួបគាត់ (និសា) នៅកម្មវិធីអី គឺរាប់អានគ្នាធម្មតា តែមិនដែលតេរកគ្នាទេ ហើយមានរឿងអីបានជាគាត់ត្រូវមកហៅការខ្ញុំដែរទៅ?”។

ការដែលសុគន្ធ និសា សម្រេចចិត្តដឹកដៃលោក សាំបា ចូលរោងការ ដោយគ្មានការស្ទាក់ស្ទើរនេះ គឺបន្ទាប់ពីមុននេះ អតីតសង្សាររបស់នាងលោកសុខ ជំនោរ បានធ្វើពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី០៦ ខែសីហា ជាមួយកញ្ញាស្រី សុរង្សី ដែលជាបុគ្គលិកធនាគារម្នាក់ ហើយពួកគេនឹងដឹកដៃគ្នាចូលរោងការនៅខែវិច្ឆិកា នេះហើយ។

Loading...

ដោយសារតែមានការបង្អាប់ថា និសា កាលចូលសិល្បៈ លើកដំបូងសម្រស់ចាញ់គូដណ្តឹង លោកសុខ ជំនោរ នោះ ហើយនាងមិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដនោះ ទើបពេលនេះធ្លាយរឿងតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះចូលរោងការនៅចុងឆ្នាំ២០១៧ នេះតែម្តង ទើបធ្វើឱ្យតារាសិល្បៈមួយចំនួន បាននិយាយថា និសា ប្រញាប់រៀបការមិនឱ្យចាញ់អតីតសង្សារឡើយ។

ការត្រៀមគ្រងឈុតប្រពៃណីធ្វើជាកូនក្រមុំមែនទែន របស់សុគន្ធ និសា នៅពេលនេះ បញ្ជាក់ថា និសា កប់ចោលដានស្នេហ៍ចាស់ត្រឹមឆ្នាំ២០១៧នេះ ឱ្យនៅសល់ត្រឹមតែស្រមោលប៉ុណ្ណោះ ហើយក៏បង្ហាញច្បាស់ដែរថា នាងមិនត្រូវការតំណែងជាជំទាវ តាមការអន្ទងស្នេហ៍របស់លោកធំផ្កាយ២ ដ៏មានឥទ្ធិពលនោះឡើយ ព្រោះពេលនេះនាងសម្រេចចិត្តជ្រើស គូស្នេហ៍ “ជួញឆ្ងាយ ប្រសើរជាងជួញជិត”។

ប្រភពបានឱ្យដឹងថា ការដែលនិសា ពេញចិត្តលោកសាំបា ខ្លាំងនៅពេលនេះ គឺដោយសារតែអាណិកជនខ្មែរ នៅអាមេរិករូបនេះ ធ្វើអ្វីច្រើនតែសម្របតាមនាងជានិច្ច ហើយក្រុមគ្រួសារ ពិសេសម្តាយនាង ពេញចិត្តមិនដូចកាលសាងស្នេហ៍ជាមួយលោកសុខ ជំនោរ ដែលនាងថា ប្រៀបបានទឹកនិងប្រេងនោះឡើយ។

គួរបញ្ជាក់ថា សុគន្ធ និសា បានសាងស្នេហ៍ជាមួយលោកសុខ ជំនោរ កាលពីឆ្នាំ២០០៤ អំឡុងពេលដែលអ្នកទាំង២ជ្រកកោនក្រោមដំបូលផលិតកម្មរស្មីស្ទឹងសង្កែ តែចំណងស្នេហ៍នេះ មានអាយុត្រឹមតែ៧ឆ្នាំប៉ុណ្ណោះ ពោលគឺនៅឆ្នាំ២០១១ ពួកគេក៏ចែកផ្លូវគ្នា គឺចំពេលដែលនិសា បានចេញទៅច្រៀងនៅអាមេរិក ២លើកជាប់គ្នា គឺនៅឆ្នាំ២០១០ និង២០១១នោះ ដោយនាងបានរួមដំណើរជាមួយលោកណុប បាយ៉ារិទ្ធ និងរិន សាវ៉េត។

សុគន្ធ និសា ដែលមានលោកសាំបា ជាអ្នកចេញមុខធានាធ្វើជា Sponsor សម្រាប់តែនាងម្នាក់នោះ ក៏បង្កើតភ្លើងស្នេហ៍ជាមួយលោកសាំបា ព្រោះអស់និស្ស័យជាមួយលោកជំនោរ ហើយអាណិកជនខ្មែរ នៅអាមេរិករូបនោះ បានស្ពាយបង្វេចមករស់នៅស្រុកខ្មែរ តាមនាងរហូតមកដល់ពេលនេះ ជិត៧ឆ្នាំទៅហើយ នៅបុរីមួយទល់មុខ CTN៕

loading...
SHARE