Loading...

កំពង់សោមគឺជាខេត្តមួយស្ថិតនៅភាគនិរតីនៃប្រទេសជាប់នឹងឈូងសមុទ្រថៃ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកស្រែអំបិល ខេត្តកោះកុង ខាងកើតទល់នឹងស្រុកកំពត ខេត្តកំពត ខាងត្បូង និង ខាងលិចទល់នឹងសមុទ្រ មានផ្ទៃដីសរុប ១.២៨៣ គីឡូម៉ែត្រការ៉េ និង មានចម្ងាយ២៣០ គីឡូម៉ែត្រពីរាជធានីភំពេញកាត់តាមផ្លូវជាតិលេខ ៤ ។

កាលដើមឡើយ កំពង់សោមដែលជាដើមកំណើតពិតប្រាកដមានទីតាំស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ។ ប្រសិនបើយើងជិះរយយន្តពីភ្នំពេញតាមផ្លូវជាតិលេខ ៤ បានចម្ងាយប្រហែលជា ១៥០ គីឡូម៉ែត្រ កាត់តាមខេត្តកំពង់ស្ពឺរហូតដល់ស្រុកស្រែអំបិល (នៅខាងលិចភ្នំពេជ្រនិល) មានផ្លូវមួយបត់ទៅជើងសំដៅទៅស្រែអំបិល នោះហើយដែលសព្វថ្ងៃគេហៅថាកំពង់សោម ។

តាមលោកសានសុមែន ដែលធ្លាប់ធ្វើគ្រូពុទ្ធិកបឋមសិក្សាវត្តឥន្ទញាណ (ក្រុងព្រះសីហនុ) ដែលគាត់បានសាកសួរចាស់ៗនៅខាងខណ្ឌព្រៃនប់បានបញ្ជាក់ឲ្យដឹងថា កំពង់សោមមានពីរគឺកំពង់សោមលើស្ថិតនៅភូមិចំប៉ា (ខណ្ឌព្រៃនប់) និង កំពង់សោមក្រោមស្ថិតនៅក្នុងស្រុកស្រែអំបិល ។លោកសានសុមែន បានមានប្រសាសន៍ថា : បើយោងតាមប្រសាសន៍របស់លោកតាអាចារ្យម៉ុលសុខ ជាចាស់ទុំធ្លាប់រស់នៅស្រុកព្រៃនប់បានឲ្យដឹងថា បានជាគេហៅថាកំពង់សោម ព្រោះមានប្រវត្តិដំណាលមកថា : កាលដើមតាំងពីយូរយាណាស់មកហើយ ស្រុកស្រែអំបិលដែលស្ថិតនៅក្នុងខេត្តកោះកុងសព្វថ្ងៃនេះមានឈូងសមុទ្រមួយលាតសន្ធឹងពីស្រុកស្រែអំបិលរហូតមកដល់ក្រុងព្រះសីហនុបច្ចុប្បន្នទីនោះមានព្រៃកោងកាង និងព្រៃឈើគ្រប់ប្រភេទ ហើយសម្បូរទៅដោយផ្ដៅសោម ព្រមទាំងមានសត្វម្រឹគកាចសាហាវយ៉ាងច្រើនដូចជាសត្វខ្លា ដំរីជាដើម ។ រីឯប្រជាជនដែលរស់នៅទីនោះមានចំនួនតិចតួចណាស់ដោយប្រកបរបរចិញ្ចឹមជីវិតគឺឡើងភ្នំ និងចុះសមុទ្រនេសាទ ។

Loading...

ក្រៅពីរបរនេសាទប្រជាជនក៏មានទៅកាប់ផ្ដៅសោមអូសបណ្ដែតតាមទឹកមកចតនៅមាត់កំពង់ផងដែរ ។ តាមប្រសាសន៍របស់លោកតាអាចារ្យដដែលបានឲ្យដឹងថា ទីនោះសម្បូរទៅដោយផ្ដៅសោមច្រើនណាស់ គេកាប់យកស្លឹកវាមកប្រក់ផ្ទះសម្បែងរបស់ពួកគេ ។ ឯការអូសផ្ដៅសោមមកចតនៅមាត់កំពង់ នេះជារៀងរាល់ពេលទៅទើបគេហៅទីនេះថា <<កំពង់សោម>> ។ ចំណែកអ្នកនៅស្រុកខាងកើតដូចជាខាងខេត្តកំពង់ស្ពឺជាដើមបើកាលណាគេចង់មកស្រុកខាងលិចគេតែងនិយាយថា <<យើងនាំគ្នាទៅកំពង់សោមៗ (ក្នុងស្រុកស្រែអំបិលហ្នឹងឯង)>> ។

បើដូច្នេះចុះហេតុម៉េច បានជាកំពង់សោមត្រូវគេហៅថាក្រុងព្រះសិហនុទៅវិញ ? លោកសានសុមែន បាននិយាយថា យោងតាមព្រះរាជក្រមលេខ ២៣៦ន.ស ចុះថ្ងៃទី ២២ វិច្ចិកា ១៩៥៧ ដោយហ្លួងសុរាម្រឹត យកតំបន់នោះឈ្មោះថា <<ក្រុងកំពង់សោម>> ដោយបានរដ្ឋសភាអនុម័តនាថ្ងៃទី ២១ សីហា ១៩៥៧ ។ លុះមកដល់ឆ្នាំ ១៩៥៩ ក្រុងកំពង់សោម បានប្រែក្លាយមកជាក្រុងព្រះសីហនុវិញ តាមព្រះរាជក្រមលេខ ២៩៦ន.ស ចុះថ្ងៃទី ២២ មករា ១៩៥៩ ក្រោយមករដ្ឋសភាអនុម័តនៅថ្ងៃទី ៤ ធ្នូ ១៩៥៩ ។ នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ របបសាធារណរដ្ឋលន់នល់បានប្ដូរឈ្មោះក្រុងព្រះសីហុន ឲ្យជាក្រុងកំពង់សោមដូចដើមវិញរហូតមកដល់របបកម្ពុជាប្រជាធិបតេយ្យ និងរបបរដ្ឋកម្ពុជាក៏នៅតែហៅថា កំពង់សោមដដែល ។
ប៉ុន្តែលុះមកដល់ឆ្នាំ ១៩៩៣ ក្រោយពីខ្មែរបានរួបរួមគ្នាឡើងវិញ ក្រុងកំពង់សោមក៏ត្រូវបានគេហៅថាក្រុង ព្រះសីហនុដូចដើមវិញ ។

លោកសានសុមែន បានបញ្ជាក់បន្ថែមថា តាមប្រសាសន៍របស់ចាស់ទុំមួយចំនួន ដែលជាមនុស្សរស់នៅទីក្រុងព្រះសីហនុ តាំងតែពីដើមឡើយបានឲ្យដឹងថា ទីនេះ (ក្រុងព្រះសីហនុ) កាលពីមុនគេហៅថា ភ្នំថ្មរាប ឬកោះពស់ ។ ក្នុងសម័យដែលគេហៅថា ភ្នំថ្មរាប ឬកោះពស់នោះគឺជាសមយ័ដែលទឹកដី ខេត្ត កោះកុង និងក្រុងព្រះសីហនុស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខេត្តកំពតទាំងអស់ ៕ ប្រភព៖ កំពង់សោមដួងចិត្ត

loading...
SHARE