Loading...

ខេត្តកណ្តាល ៖ កម្ម​ការិ​នី​​រោង​ចក្រ តា​ក់​សាន់ ម្នាក់ ជា​​អ្នក​រក​ស៊ី​​ចង​ការ​​ប្រាក់ ឲ្យ​​ក​ម្ម​ករ​​រោង​ចក្រ ត្រូវ​​បង​ធម៌​​របស់​ខ្លួន វាយ​​ស​ម្លាប់​​ប្លន់​​យក ម៉ូ​តូ គ្រឿង​អ​ល​ង្ការ និង​​លុយ ១​៥​០០​ដុ​ល្លារ សរុប​​ជិត ៥​​ពាន់​​ដុ​ល្លារ តាំង​ពី​​យប់​​ថ្ងៃ​​ទី​​២០ ខែសីហា ហើយ​យក​សព​នាង ទៅ​ទម្លាក់ចោល តាម​បណ្តោយ ផ្លូវជាតិ​លេខ​៦១ ត្រង់ចំណុច​ភូមិ ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ទើប​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​នៅ​រសៀល ថ្ងៃទី​២៨ ខែសីហា នេះ ដោយមាន​អាកា​រៈ ហើម​ស្អុយរលួយ មើល​ស្ទើរតែ​មិន​ស្គាល់​។​

សមត្ថកិច្ច​នគរបាល ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា នារី​ជនរងគ្រោះ​ឈ្មោះ សាន់ អា​ស្រស់ មាន អាយុ ២២​ឆ្នាំ ជួល​បន្ទប់​ស្នាក់នៅ ជាប់​រោងចក្រ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត នៅ​ភូមិ​ស្វាយទាប ឃុំ​អំពិល​ក្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃ វែង ហើយ​ឪពុក​នារី​រងគ្រោះ មានឈ្មោះ លី សាន់ អាយុ ៤៦​ឆ្នាំ ម្តាយ​ឈ្មោះ ចេះ ម៉ា​រី អាយុ ៤៤​ឆ្នាំ ជា​កសិករ​។ សមត្ថកិច្ច​កំណត់ អត្តសញ្ញាណ​ជនល្មើស បាន​ហើយ គឺ​ឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ខេត្តកំពង់ចាម ស្នាក់នៅ​បន្ទប់​ជួល ក្បែរ​នារី​រងគ្រោះ ហើយ​បាន​រាប់អាន​គ្នា ជា​បងធម៌​ប្អូនធម៌ ជាមួយ​នារី​រងគ្រោះ​ផងដែរ​។​

លោក លី សាន់ បាន​រៀបរាប់ថា កូនស្រី​របស់គាត់ ត្រូវបាន​ជនល្មើស វាយ​សម្លាប់​នៅក្នុង​បន្ទប់ កាលពី​​​ថ្ងៃ​​ទី​​២០ ខែសីហា ខណៈដែល​នាង​នៅតែ​ម្នាក់ឯង ហើយ​បាន​ប្រមូល យក​ទ្រព្យសម្បត្តិ រួមមាន ម៉ូតូ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃ​ប្រហែល ២.០០០​ដុល្លារ​, ខ្សែក​ផ្លាក​ទីន ចំនួន ០១ ខ្សែ ទម្ងន់​ប្រហែល ៥​ជី​, កងដៃ​ចំនួន ០១ ទម្ងន់​ប្រហែល ៥​ជី​, ទូរស័ព្ទដៃ​ចំនួន ០២ គ្រឿង ម៉ាក ណូគា និង ហូ​វៃ និង​លុយ ១.៥០០​ដុល្លារ​។​

​ប្រភព​ខាងលើ​បន្ដថា នៅ​យប់​ថ្ងៃកើតហេតុ កូនស្រី​របស់គាត់ នៅក្នុង​បន្ទប់​ជួល​តែម្នាក់ឯង ខណៈ​អ្នក​នៅ​ជិតខាង បាននាំគ្នា​ទៅធ្វើ​ការ រោងចក្រ​វេន​យប់ ហើយ​នាង​បាន ទូរស័ព្ទ​ហៅ​បងធម៌​របស់ខ្លួន ឲ្យ​មកជួយ​មើល​ទុយោ​ទឹក ដែល​បែកធ្លាយ​។ ដោយ​ឃើញ​ឱកាសល្អ ជនល្មើស​ជា បងធម៌ បានធ្វើ​សកម្មភាព សម្លាប់​នារី​រងគ្រោះ ប្លន់​យក​ទ្រព្យសម្បត្តិ​តែម្តង ដ្បិត​ជនល្មើស បានដឹងថា នារី​រងគ្រោះ ជា​អ្នកមាន​លុយ​ច្រើន​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ គ្មាន​នរណាម្នាក់​ដឹងថា នារី​រងគ្រោះ​បាន​បាត់​ខ្លួន ពី​បន្ទប់​ជួល ដោយ​របៀប​ណា​នោះទេ ហើយក៏​មិនដឹង​ពី​មូលហេតុ យ៉ាងណា​នោះដែរ​។

​តែ​ដោយ​មានការ ជជីក​សួរ​ខ្លាំង ទៅលើ​ភរិយា​ជនល្មើស ក៏ដូចជា​ជនល្មើស ឈ្មោះ សំអុល មុន្នី ធ្វើ​ឲ្យ​ជនល្មើស​រអើល​ខ្លួន ខ្លាច​គេ​ដឹង បាន​ព្យាយាម​គេចខ្លួន លែង​ត្រឡប់​ចូលធ្វើការ​វិញ​។ រយះពេល ៥​ថ្ងៃក្រោយ នៃ​ការបាត់​ខ្លួន​នារី​រងគ្រោះ ជនល្មើស​ឈ្មោះ សំអុល មុន្នី បាន​ទូរស័ព្ទ​សារភាព ប្រាប់​ភរិយា​របស់ខ្លួន​ថា ខ្លួន​ជា​អ្នកធ្វើ​សកម្មភាព សម្លាប់​នារី​រងគ្រោះ ដែលជា​ប្អូនធម៌ ហើយ​យកទៅ​ទម្លាក់ចោល នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៦១ ត្រង់ចំណុច​ភូមិ​ថ្នល់​បត់ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល ក៏​នាំគ្នា​ទៅ​មើល ប្រទះឃើញ​សព​រុំ​ក្នុង​ភួយ ដែល​នាង​ប្រើប្រាស់​រាល់ថ្ងៃ​៕

loading...
SHARE