បើ​យើង​និយាយ​ដល់​ចំណងជើង​នេះ ទំនងជា​មិនសូវ​មាន​នរណា​ចាប់អារម្មណ៍​ឡើយ ប៉ុន្តែ​វា​តែងតែ​ជា​រឿង​ដែល​មនុស្ស​យើង​ធ្វើ​វា​ជា​ញឹកញាប់​ដោយ​មិន​ខ្លួន​ទៅវិញ​។ តើ​អ្នក​មាន​ដឹង​ទេ​ថា អ្នក​បាន​អង្គុយ​លើ​អ្វីខ្លះ​ទេ​នៅ​ពេល​អ្នក​ស្លៀក​សម្លៀក​បំពាក់​យ៉ាង​ឡូយ​ដើរចេញ​ទៅ​ក្រៅ​ផ្ទះ​នោះ​? ដូច្នេះ​យក​ល្អ​គួរតែ​ស្វែងយល់​អំពី​អាថ៌កំបាំង​នេះ​បន្តិច​ទៅ​។​

មនុស្ស​យើង​គឺ​គគ្រិច​ណាស់​
​ពិតណាស់ ការអនុវត្តន៍​ភាព​មាន​អនាម័យ​ល្អ​គឺជា​រឿង​សំខាន់​សម្រាប់​សុខភាព​អ្នក​ទាំងមូល ដែល​រឿង​នេះ​មិនមែន​និយាយ​តែ​លើ​ជីវិត​រស់នៅ​ក្នុង​សង្គម​ទេ តែ​ការយល់ដឹង​ធម្មជាតិ​ដែល​កើតឡើង​ចំពោះ​រាងកាយ​មនុស្ស​យើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ក៏​នឹង​អាច​បញ្ជាក់បាន​ថា អ្នក​ត្រូវ​តែ​ដល់​ពេល​ផ្លាស់ប្តូរ​ខោ ឬ​អាវ ក្រោយ​ពី​ស្លៀក​រួចហើយ​ដែរ​។ អ្នកជំនាញ​ខាង​សុខភាព​និយាយថា មនុស្ស​យើង​គឺ​ធ្វើការ​ជម្រុះ​កោសិកា​ចាស់ៗ បញ្ចេញ​ប្រេង​លើ​ស្បែក និង​ញើស​មក​ខាងក្រៅ ហើយ​វា​ក៏​បណ្តាល​ឲ្យ​ប្រឡាក់​ដល់​សម្លៀកបំពាក់​យើង​ដែរ​។ អ្វី​ដែល​ជា​ការពិត​មួយទៀត​នោះ​គឺថា មនុស្ស​យើង​ធ្វើការ​ជម្រុះ​កោសិកា​ស្បែក​ប្រហែល ៥០០​លាន​កោសិកា និង​ញើស​ប្រមាណ​មួយ​លីត្រ​ជា​រៀងរាល់ថ្ងៃ​។

មេរោគ​ស្អិត​ជាប់​ខ្លួន​យើង​ដូច​ជ័រកាវ​អញ្ចឹង​
​បាក់តេរី និង​អតិសុខុមប្រាណ​ផ្សេងៗ​ទៀត​អាច​រស់នៅ​ច្រើន​ថ្ងៃ ឬ​ច្រើន​ខែ​នៅ​លើ​សម្លៀកបំពាក់​ដែល​យើង​ស្លៀក​។ គេ​រកឃើញ​ទឿតថា សម្លៀក​បំពាក់​ថ្មីៗ​អាច​មាន​បាក់តេរី​តោង ឬ​មេរោគ​ផ្សេងៗ​នៅ​ជាប់​រហូត​ដែរ​។ ដូច្នេះ​ការបោក​សម្លៀកបំពាក់​ដែល​ទិញ​ថ្មី​មុន​នឹង​ស្លៀក​វា ប្រហែលជា​រឿង​ដ៏​ល្អ​មួយ​ដែល​ត្រូវអនុវត្ត​។

បង្ក​កន្ទួល​រមាស់ មុន ឬ​ការបង្ក​រោគ​
​សាច់​ក្រណាត់​អាច​ជា​ដើម​ហេតុ​នាំ​ឲ្យ​ស្បែក​រង​ការ​រលាក​បាន​។ មូលហេតុ​មួយ​ដ៏​ចំបង​ដែល​នាំ​ឲ្យ​កើតមុន​ខ្នង និង​ទ្រូង​នោះ​គឺ ការ​នៅ​តែ​ស្លៀក​ខោ​អាវ​ដែល​រឹប​តឹងៗ និង​កកិត​ស្បែក​ជ្រាំ​ដែល​យូរៗ ឬ​ពេញ​មួយថ្ងៃ​។ ចំពោះ​ស្រោមពូក និង​សម្លៀកបំពាក់​ដែល​គគ្រិច​ក៏​អាច​ចម្លង​ភាព​គគ្រិច និង​បាក់តេរី​ចូលទៅ​ក្នុង​គល់​រោម ដែល​ជាហេតុ​នាំ​ឲ្យ​វា​ទៅ​ជា​ស្ទះ​គល់​រោម ព្រមទាំង​បង្ក​ជំងឺ​បាន​ថែមទៀត​ផង​។​

ក្រោយ​ពី​អ្នក​បាន​យល់ដឹង​អំពី​អាថ៌កំបាំង​នៃ​ភាព​គគ្រិច​របស់​រាងកាយ និង​សម្លៀក​បំពាក់​រួច​ហើយ​ម​ក វា​ក៏​គួរតែ​ដល់ពេល​លះបង់​ទម្លាប់​បន្ត​ស្លៀក​សម្លៀក​បំពាក់​ដែល​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​រួច នៅក្នុង​បន្ទប់​គេង​ទៀតហើយ​។ អ្នក​នឹង​អាច​ចៀសវាង​បញ្ហា​សុខភាព​នានា​លើ​ស្បែក​បាន​បើសិនជា​អនុវត្ត​ទម្លាប់​នេះ​បាន​យ៉ាង​ល្អ​៕

SHARE