Loading...

លោក​គ្រូ​សុខ​ហេង ឬ​ហៅ​គ្រូ​ហេង ឬ​មាន​រហស្សនាម​មួយ​ទៀត​គ្រូ​ដៃ​ទេវតា ​ត្រូវ​​បាន​អ្នក​ជំងឺ និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ស្គាល់​តាម​រយៈ​ការ​ព្យាបាល​គរ​ថ្លង់ ស្លាប់​មួយ​ចំហៀង​ខ្លួន ជាប់​សរសៃ​ឲ្យ​បាន​ធូរ​ស្បើយ​ប្រសើរ​ជាង​មុន​ដោយ​​ដៃ និង​ទឹក​មួយ​កែវ ហើយ​មិន​ទាម​ប្រាក់​អ្វី​មួយ​រៀល​ទេ​។

លោក​គ្រូ​ចាប់​ផ្ដើម​គេ​ស្គាល់​ និង​ល្បី​ខ្លាំង នៅ​ពេល​លោក​ទៅ​ព្យាបាល​ជនជាតិ​​វៀតណាម នៅ​ប្រទេស​វៀតណាម រួច​បង្ហោះ​វីដេអូ​ព្យាបាល​ទាំង​នោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឈ្មោះ​ថា Sokhen Cher។ ការ​ព្យាបាល​ដោយ​ការ​ម៉ាស្សា​ទាំង​​នោះ​ទៀត​សោត ត្រូវ​គេ​មើល​ឃើញ​ថា អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ធូរ​ស្បើយ​គួរ​ឲ្យ​កត់​សម្គាល់​ដូច​ជា​អ្នក​ថ្លង់​អាច​ស្ដាប់​ឮ​ជាង​មុន អ្នក​គរ​អាច​​បញ្ចេញ​សំឡេង​និយាយ​បាន​ខ្លះ​ៗ ហើយ​អ្នក​ជាប់​សរសៃ​កម្រិត​ស្រាល​ក៏​លោក​គ្រូ​ជួយ​ចាប់​សរសៃ​ឲ្យ​កម្រើក ឬ​ដើរ​បាន​ដែរ។

ការ​ព្យាបាល​របស់​លោក​គ្រូ​មាន​ប្រសិទ្ធភាព​គួរ​សម​នេះ​ហើយ លោក​ត្រូវ​បាន​មន្ត្រី ឯក​ឧត្តម មេ​ប៉ូលិស​​​និង​អ្នក​ធំ​ៗ​មួយ​ចំនួន​ ​អញ្ជើញ​ទៅ​ព្យាបាល​ដល់​គេហដ្ឋាន​ផង​ដែរ។ មែន​ទែន​ទៅ ​បើ​តាម​សម្ដី​​​​របស់​​គ្រូ​ហេង​ ធ្លាប់​អះអាង​​តាម​រយៈ​វីដេអូ​ថា​ លោក​ធ្លាប់​​​ត្រូវ​បាន​ឯក​ឧត្តម​ជា​ច្រើន​រូប មេ​ប៉ូលិស រហូត​ដល់​​ដន្លង​សម្ដេច​សាយ ឈ៊ុំ អញ្ជើញ​​ទៅ​ព្យាបាល​ដែរ​កាល​ទៅ​ខេត្ត​កំពុង​ចាម។

ការ​ព្យាបាល​ដ៏​សំខាន់​មួយ​ទៀត គឺ​នៅ​ថ្ងៃទី​ ១៨ខែ កញ្ញា ឆ្នាំ ២០១៧ លោក​គ្រូ​ហេង​ត្រូវ​បាន​ ឯក​ឧត្ដម ឧត្តម​សេនីយ៍​ឯក ឌៀង សារុន នាយ​រង​សេនា​ធិការ​ចំរុះ ខ.ភ.ម និង​ជា​មេ​បញ្ជា​ការ​រង បញ្ជា​ការ​ដ្ឋាន​អង្គរក្ស តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង​ ប៊ុន​ហៀង អគ្គ​មេ​បញ្ជា​ការ​រង​ ខ.ភ.ម និង​ជា​មេ​បញ្ជា​ការ បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស ​អញ្ជើញ​ទៅ​ព្យាបាល​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​ដល់​​បន្ទាយទាហាន​ ស្វាយ​រលំ ក្រុង​តា​ខ្មៅ​​ទៀត​ផង។ ទោះ​ជា​ការ​ព្យាបាល​មិន​យក​ប្រាក់ ​លោក​នៅ​តែ​ត្រូវ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​តូច​ចោទ​ថា បោក​ប្រាស់​ដែរ។

Loading...

ងាក​មក​មើល កាល​ពី​ពីរ​បី​ថ្ងៃ​មុន​ពោល​គឺ​នៅ​ថ្ងៃ​​ទី ២៧​កញ្ញា​កន្លង​​ទៅ​ថ្មី​ៗ​នេះ​ ប្អូន​ស្រី​របស់​លោក​គ្រូ​សុខហេង ឈ្មោះ​ស្រី​ពៅ​បាន Live វីដេអូ​ប្រកាស​ដំណឹង​មួយ​ថា លោក​គ្រូ​​ហេង​ បាន​ផ្អាក​ព្យាបាល​ប្រមាណ​កន្លះ​ខែ​ដោយ​​រាប់​ចាប់​ពេល​នេះ​ត​ទៅ​ ដោយ​លោក​គ្រូ​ត្រូវ​ទៅ​តាំង​សមាធិ (មិន​បញ្ជាក់​ទីតាំង​តែ​គេ​សង្ស័យ​នៅ​វៀតណាម​) និង​មក​ព្យាបាល​វិញ​​នៅ​ថ្ងៃ​ទី ៩ ឬ​១០​តុលា ​ឆ្នាំ ២០១៧​ វិញ។

ទោះ​ជា​​មាន​ការ​ជូន​ដំណឹង​បែប​នេះ​ក្ដី អ្នក​ជំងឺ​ភាគ​ច្រើន​សុទ្ធ​តែ​ចាស់​ៗ​បាន​ទៅ​គេង​ដល់​ផ្ទះ​លោក​គ្រូ​រង់​ចាំ​លោក​គ្រូ​មក​វិញ ដោយ​មិន​ព្រម​ត្រលប់​ទៅ​ផ្ទះ​សិន​ឡើយ។ ការ​សម្រុក​ទៅ​ផ្ទះ​គ្រូ​ដោយ​រង់​ចាំ​គ្រូ​មក​វិញ​នេះ គឺ​ជា​បន្ទុក​​មួយ​ដល់​​សមាជិក​គ្រួសារ​គ្រូ​ហេង​ដោយ​ត្រូវ​រៀប​ចំ​កន្លែង​គេង និង​អាហារ​ទទួល​ទាន​ជា​ច្រើន​ថ្ងៃ​ទៀត​ផង។

តាម​រយៈ​វីដេអូ​ Live ចុង​ក្រោយ​នេះ ម្ដាយ​ចំណាស់​របស់​គ្រូ​ហេង​ បាន​​រៀប​ចំ​ដាំ​បបរ​មួយ​ឆ្នាំង​ធំ​​សម្រាប់​អ្នក​ជំងឺ​​ជា​ច្រើន​នាក់​ស្នាក់​នៅ​ទី​នោះ​ដោយ​ទឹក​មុខ​ទទួល​រួសរាយ​រាក់​ទាក់​យ៉ាង​កក់ក្ដៅ។ យ៉ាង​ណា​ក្ដី ប្អូន​ស្រី​របស់​គ្រូ​ហេង​បាន​អំពាវ​នាវ​ឲ្យ​អ្នក​ជំងឺ​មិន​ទាន់​បាន​ព្យាបាល ​កុំ​ទាន់​ទៅ​ផ្ទះ​គាត់​អី ព្រោះ​គ្រូ​មិន​នៅ​ទេ គឺ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​ទី ៩ ឬ​ទី ១០​តុលា​ វិញ៕ (អត្ថបទ​ដោយ៖ ឡូយកប់)


loading...
SHARE