Loading...

យល់ដឹង៖ យើងដឹងហើយថា «សត្វមូស» គឺជាប្រភេទសត្វល្អិតមានស្លាប មានមាត់ជាទ្រនិចស្រួចខាំជញ្ជក់ឈាម បណ្តាលឲ្យរមាស់ និងថែមទាំងអាចធ្វើឲ្យយើង មានអាការៈគ្រុនស្រៀវ គ្រុនចាញ់ ឬកើតមានជំងឺគ្រុនឈាមជាដើម ។ លើសពីនេះ វាក៏អាចឆក់យកជីវិតរបស់អ្នក ក្នុងពេលមួយពព្រិចភ្នែកបានផងដែរ ប្រសិនបើអ្នកធ្វេសប្រហែស មិនបានយកចិត្តទុកដាក់កំចាត់វាចេញ ។

បច្ចុប្បន្នសត្វមូស ក៏កំពុងក្លាយជាប្រធានបទ ដ៏គួរឲ្យព្រួយបារម្ភមួយផងដែរនៅក្នុងសង្គម ហើយក៏មានមនុស្សជាច្រើន តែងរកវិធីសាស្រ្តផ្សេងៗ ដើម្បីធ្វើយ៉ាងណាកំចាត់វាចេញ មិនឲ្យកើតមាននៅជុំវិញគេហដ្ឋាន របស់ពួកគេ ។

ប៉ុន្តែសូមកុំបារម្ភ រុក្ខជាតិខាងក្រោមនេះ ក៏ជាផ្នែកមួយអាចជួយអស់លោកអ្នក ក្នុងការបញ្ចៀសសត្វល្អិត និងមូសចង្រៃ មិនឲ្យមកយាយីក្បែរអ្នក ដោយគ្រាន់តែដាំពួកវានៅបរិវេនជុំវិញផ្ទះ ឬគ្រាន់តែយកមកញីលាប លើស្បែកតែប៉ុណ្ណោះ ។

១. ស្លឹកគ្រៃ

ថ្វីបើស្លឹកគ្រៃមានក្លិនឈ្ងុយ សម្រាប់យកទៅធ្វើជាគ្រឿងផ្សំ ក្នុងម្ហូបអាហារទទួលទានក្តី ប៉ុន្តែក្លិនរបស់វាគឺមានសមត្ថភាពពិសេស អាចជួយបណ្តេញសត្វល្អិត និងមូសចង្រៃ មិនឲ្យចូលក្បែរបានយ៉ាងមានប្រសិទ្ធភាព ។ អ្នកអាចដាំដុះវា នៅបរិវេណជុំវិញរានហាល សួនច្បារ ឬនៅក្បែរមាត់ច្រកផ្លូវចូលផ្ទះ របស់អ្នកកាន់តែប្រសើរ ។ លើសពីនេះ ក្លិនរបស់វាក៏ងាយធ្វើឲ្យ សរសៃប្រសាទរបស់មនុស្ស មានអារម្មណ៍ថាឆាប់ងងុយគេង បានថែមទៀតផង ។ ហើយវាក៏រុក្ខជាតិ ដែលអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ប្រព្រឹត្តទៅបានយ៉ាងល្អផងដែរ។ ស្លឹកគ្រៃគឺជារុក្ខជាតិ ដែលងាយស្រួលក្នុងដាំដុះជាទីបំផុត វាមានកម្ពស់ខ្ពស់បំផុតពី ១.៥ទៅ១.៨សង់ទីម៉ែត្រ ។

២. ជីអង្កាម

ជីអង្កាម ជាទូទៅត្រូវបានគេចាត់ទុកថា ជារុក្ខជាតិមួយប្រភេទ ដែលមានក្លិនឈ្ងុយប្រហើរ និងហឹរតិចៗ ប៉ុន្តែចូលចងចាំថា ក្លិនឈ្ងុយរបស់វានេះ គឺជាសត្រូវរបស់សត្វមូស និងសត្វល្អិតផ្សេងទៀត មិនឲ្យចូលក្បែរឡើយ។ ជីអង្កាម គឺជារុក្ខជាតិធន់នឹងអាកាសធាតុត្រជាក់ ហើយវាលូតលាស់បានយ៉ាងល្អបំផុត ប្រសិនបើដាំនៅក្នុងផើងបានយ៉ាងត្រឹមត្រូវ ។ លើសពីនេះ អ្នកក៏អាចយកស្លឹករបស់វា ទៅញីនៅលើស្បែកបន្ថែម ដើម្បីការពារពីសត្វល្អិត ឬមូសចង្រៃ មិនឲ្យចូលខាំបានផងដែរ ។

៣. ជីនាងវង

ជីនាងវង មិនត្រឹមតែជារុក្ខជាតិបន្ទាប់បន្សំ ដែលជួយផ្តល់ឲ្យម្ហូបអាហារមានឱជារស និងក្លិនឈ្ងុយឈ្ងប់តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជារុក្ខជាតិដ៏មានប្រយោជន៍មួយប្រភេទ អាចជួយបណ្តេញសត្វល្អិតចង្រៃទាំងឡាយ ឲ្យនៅឆ្ងាយពីអ្នកផងដែរ ដោយគ្រាន់តែដាំដុះនៅជុំវិញ គេហដ្ឋានអស់លោកអ្នក ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកយកស្លឹករបស់វា ទុកនៅក្នុងហោប៉ៅ ឬញីលាបទៅលើស្បែករបស់អ្នកនោះ សត្វល្អិតទាំងឡាយ មិនតែសត្វមូសចង្រៃ ក៏មិនហ៊ាននៅក្បែរអ្នកឡើយ ។

៤. ផ្កាឡាវេនឌ័រ (Lavender)

ផ្កាឡាវេនឌ័រ ត្រូវបានគេស្គាល់ថា រុក្ខជាតិដែលមានអាយុកាលច្រើនឆ្នាំ ហើយការដាំដុះតម្រូវឲ្យមាន ពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ ទោះបីជាយ៉ាងណាក្តី រុក្ខជាតិប្រភេទនេះ ទាមទារឲ្យដាំនៅក្នុងផើង ជាមួយនឹងដីមានជីជាតិ វាមិនត្រូវការដីសើមខ្លាំងពេកនោះទេ ។ ផ្កាឡាវេនឌ័រ ជារុក្ខជាតិសាកសមបំផុត ដែលគេច្រើននិយមយកទៅដាក់ដាំ ឬតាំងលម្អនៅទីតាំងរានហាល (វេរ៉ង់ដា) ដោយជះពន្លឺផ្កាពណ៌ស្វាយ របស់វាយ៉ាងស្រស់ស្អាត ។ ជាពិសេស ស្លឹកហើយនឹងផ្ការរបស់វា គឺមានលក្ខណៈពិសេស អាចបណ្តេញសត្វមូស បានយ៉ាងមានប្រសិទ្ធភាពផងដែរ ។

៥. ខ្ទឹមស

មិនត្រឹមតែផ្តល់ក្លិនឈ្ងុយដ៏ម្ហូបអាហារតែប៉ុណ្ណោះទេ ខ្ទឹមសក៏មានសមត្ថភាពពិសេស អាចទប់ស្កាត់ប្រយុទ្ធប្រឆាំងពីសត្វមូសចង្រៃ និងសត្វល្អិតផ្សេងៗទៀតឲ្យចេញឆ្ងាយ បានយ៉ាងមានប្រសិទ្ធភាពផងដែរ ដោយអ្នកគ្រាន់តែដាំវានៅបរិវេណជុំវិញផ្ទះតែប៉ុណ្ណោះ ។ នេះបើផ្អែកតាមការពិសោធន៍ របស់អ្នកវិទ្យាសាស្រ្តបានបង្ហាញ ។ មិនថាតែសត្វមូសទេ ដែលមិនហ៊ានចូលជិត សូម្បីតែមនុស្សមួយចំនួនតូចទៀត ក៏មានអារម្មណ៍ថា មិនចូលក្លិនរបស់វា (ក្លិនហាងៗ ឬឆ្អាប) ផងដែរ ។

= > គួរឲ្យដឹងដែរថា ខ្ទឹមស ក៏មានសមត្ថភាពខ្ពស់ ក្នុងការការពារជំងឺបានយ៉ាងល្អផងដែរ៖

ជួយកែសម្រួល កម្រិតកូឡេស្តេរ៉ុល ឲ្យដំណើរការបានល្អ (អង្គធាតុខ្លាំង នៅក្នុងឈាម, ទឹកនោមក្នុងកោសិកា)
ជួយបញ្ចុះសម្ពាធឈាម
ជួយកាត់បន្ថយហានិភ័យ (ជំងឺផ្សេងៗ) និងអាចការពារពីជំងឺបាត់បង់ការចងចាំ (ជំងឺវង្វេង)
ជួយការពារដល់សុខភាពឆ្អឹងបានយ៉ាងល្អ
ជួយការពារសរីរាង្គពីការពុល
ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺផ្សេងៗ…។

៦. ផ្កាស្បៃរឿង

Loading...

ផ្កាស្បៃរឿង ជារុក្ខជាតិមានក្លិនក្រអូបសម្រាប់មនុស្ស តែវាជះក្លិនអាក្រក់សម្រាប់មូសមិនឲ្យចូលក្បែរ។ ផ្កាដ៏ស្រស់ស្អាតប្រភេទនេះ ត្រូវការដាំដុះនៅទីតាំង ដែលទទួលបានពន្លឺព្រះអាទិត្យ ចេញចូលគ្រប់គ្រាន់ និងដីមានជីជាតិ ។ យល់ល្អអ្នកគួរដាំវានៅក្នុងផើងផ្កា ដាក់ក្បែរទីតាំងច្រកទ្វារចូលផ្ទះ ឬមាត់បង្អួច ដើម្បីទប់ស្កាត់ការរំខានពីសត្វមូស ។

ផ្កាស្បៃរឿង ក្រៅពីមានសមត្ថភាពការពារ មិនឲ្យសត្វមូសចង្រៃចូលក្បែរហើយ វាក៏អាចការពាររុក្ខជាតិដទៃទៀតបានផងដែរ ។ ជាក់ស្តែង ប្រសិនបើអ្នកយកវាទៅដាំនៅក្នុងសួនច្បារ លាយលំជាមួយនឹងដំណាំ ឬរុក្ខជាតិផ្សេងទៀត (ដំណាំហូបផ្លែប្រភេទដើមតឿៗ សម្រាប់តាំងលំអរ ដូចជាដើមក្រូច ឬដើមកូនប៉េងប៉ោះ) នោះវាក៏អាចការពារសត្វល្អិតគ្រប់ប្រភេទ មិនឲ្យចូលលុកលុយបំផ្លិចបំផ្លាញ ឬស៊ីរុក្ខជាតិរបស់អ្នកបានឡើយ ។

៧. ផ្កា Pennyroyal

ផ្កាផេនីរ៉ូយ៉ាល់ (Pennyroyal) ក៏ជាផ្កាល្បីឈ្មោះមួយប្រភេទផងដែរ ដែលមានសមត្ថភាពអាចបណ្តេញសត្វល្អិតបាន ជាពិសេសវាមានអានុភាពខ្លាំង ប្រយុទ្ធប្រឆាំងជាមួយនឹងសត្វមូសតែម្តង ដោយគ្រាន់តែដាំវា នៅផ្នែកខាងក្រៅជុំវិញផ្ទះ ឬនៅយ៉រផ្ទះជាដើម ។ ហើយអ្នកក៏អាចដាក់ដាំវានៅក្នុងថូ ឬផើងផ្កា ដាក់តាំងនៅក្នុងបន្ទប់បានផងដែរ ដើម្បីបង្កើនភាពស្រស់ស្អាត ជាពិសេស ជួយកម្ចាត់សត្វមូសមិនឲ្យមានតែម្តង ។

៨. ដើមរុក្ខជាតិ Rosemary

រ៉ូសម៉ារី (Rosemary) ក៏ជារុក្ខជាតិមួយប្រភេទ អាចជួយបណ្តេញសត្វមូសផងដែរ។ អ្នកអាចដាំវានៅបរិវេនខាងក្រៅផ្ទះ សួនច្បារ ឬយកវាទៅដាក់ដាំនៅក្នុងផ្ទះក៏បាន ប៉ុន្តែត្រូវតែធានាឲ្យបានថា វាអាចទទួលពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ ។ រុក្ខជាតិប្រភេទនេះ មិនទាមទារឲ្យមានការស្រោចទឹកញឹកញាប់ពេកនោះទេ ។ លើសពីនេះ Rosemary ក៏អាចយកច្នៃធ្វើជាឱសថ ការពារប្រឆាំងនឹងអុកស៊ីតកម្ម ផ្តល់នូវអារម្មណ៍ល្អ និងបង្កើនការចងចាំផងដែរ ។

៩. ដើមផ្កា Clove Tree (ផ្កាក្លាំងពូ)

រុក្ខជាតិប្រភេទនេះ មិនខុសពីរុក្ខជាតិដទៃទៀតឡើយ ដែលមានសមត្ថភាពអាចជួយបណ្តេញ សត្វមូសចង្រៃមិនឲ្យចូលក្បែរបាន ។ លើសពីនេះ ផ្ការបស់វា ក៏ត្រូវបានគេយកទៅផលិតធ្វើជាគ្រឿងទេស សម្រាប់ប្រើនៅក្នុងមុខម្ហូបមួយចំនួនថែមទៀតផង ។

១០. ដើមផ្ការុក្ខជាតិ Geranium ឬ Citronella Geranium

ដើមនេះវាមានក្លិនប្រហើរស្រដៀងៗ ទៅនឹងក្លិនរបស់ស្លឹកគ្រៃផងដែរ ។ ក្លិនប្រភេទនេះអាចជួយដេញ កម្ចាត់សត្វមូសចង្រៃបានតាមធម្មជាតិយ៉ាងល្អ ។ វិធីសាស្រ្តណែនាំដ៏ល្អនោះ អ្នកគួរដាំវានៅក្បែរៗបន្ទប់អង្គុយលេង ឬបន្ទប់ទទួលភ្ញៀវជាដើម ដើម្បីបណ្តេញសត្វមូស ។

គួរឲ្យដឹងដែរថា រុក្ខជាតិប្រភេទនេះ ចូលចិត្តអាកាសធាតុក្តៅ ស្រូបយកពន្លឺព្រះអាទិត្យគ្រប់គ្រាន់ តែប្រសិនបើអ្នកទុកវានៅក្នុងតំបន់ ដែលមានអាកាសធាតុត្រជាក់វិញ (ដូចជានៅក្នុងបន្ទប់ជាដើម) គឺទាមទារឲ្យអ្នកឧស្សាហ៍ច្រឹបកាត់ មែកតូចៗរបស់វាចេញ ដើម្បីរក្សាតុល្យភាពដើមរបស់វា ឲ្យដុះជាថ្មីផងដែរ ។

ទស្សនាវីដេអូខាងក្រោម ពីរបៀបងាយៗយកជីនាងវង ទៅដាក់ដាំក្នុងទឹកពុះ ដើម្បីធ្វើជាថ្នាំសម្រាប់បាញ់បណ្តេញសត្វមូសចង្រៃ ដែលប្រិយមិត្តអាចសាកល្បង ធ្វើវាបានដោយខ្លួនឯងផងដែរ៖

ប្រភព៖ ខ្មែរឡូត

loading...
SHARE