ជាទូទៅ ការធ្វើសំណួរពហុចម្លើយ វាមានភាពងាយស្រួលប្រសិនបើអ្នកចេះសំណួរទាំងនោះ តែប្រសិនបើអ្នកមិនដឹងចម្លើយពិតប្រាកដវិញនោះ អ្នកនឹងត្រូវធ្វើការជ្រើសរើសចម្លើយដោយស្មាន ឬទស្សន៍ទាយជាក់ជាមិនខាន។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាអ្នកបង្កើតសំណួរ ដូច្នេះ វាប្រាកដកជាមានវិធីក្នុងការឱ្យអ្នកទស្សន៍ទាយចម្លើយទាំងនោះត្រូវបាន។

ដោយមើលឃើញពីគុណវិបត្តិនេះ អ្នកនិពន្ធសៀវភៅ “Rock Breaks Scissors : A Practical Guide to Outguessing and Outwitting Almost Everybody” ដ៏ល្បីមួយរូប គឺលោក William Poundstone  បានរកឃើញគន្លឹះបីបួនក្នុងការធ្វើសំណួរពហុចម្លើយ ក្នុងនោះរួមបញ្ចូលទាំងសំណួរពហុជ្រើសរើសដែលធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដូចជា SATs ជាដើម ។

បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដចំនួន ១០០ ដង ដែលសំណួរសរុបមាន ២៤៥៦ សំណួរ ដកស្រង់ចេញមកពីប្រភពផ្សេងៗគ្នាជាច្រើន ហើយសំណួរទាំងនោះរួមបញ្ចូលគ្រប់កម្រិត និងគ្រប់ប្រភេទ លោក Poundstone បានរកឃើញនូវគន្លឹះមួយចំនួនដែលទាក់ទងនឹងការធ្វើសំណួរពហុចម្លើយប្រកបដោយភាពជោគជ័យ ។

លោក Poundstone លើកឡើងថា ការរៀនឱ្យពូកែក្នុងមុខវិជ្ជានីមួយៗគឺត្រូវមានយុទ្ធសាស្ដ្រក្នុងការប្រលងឱ្យបានពិន្ទុខ្ពស់លើមុខវិជ្ជាទាំងនោះ។ ដូចច្នេះ គាត់បានស្នើរថាអ្នកគួរតែមានយុទ្ធសាស្ដ្រក្នុងការទស្សន៍ទាយសំណួរពហុជ្រើសរើស ប្រសិន បើអ្នកមិនច្បាស់លើសំណួរណាមួយ ។ ការទស្សន៍ទាយប្រកបដោយភាព វៃឆ្លាតនឹងអាចជួយអ្នក ឱ្យមាន ឱកាស ជ្រើសរើសចម្លើយត្រឹមត្រូវបានច្រើនបំផុត ។ ខាងក្រោមនេះជាយុទ្ធសាស្ដ្រចំនួន ៤ ដែលលោក Poundstone បានចងក្រងឡើង៖

១. ឈប់គិតពីការជៀសវាងពាក្យមួយចំនួន អ្នកប្រហែលជាធ្លាប់បានដឹងពីគន្លឹះសាមញ្ញមួយចំនួនក្នុងការជ្រើសរើសចម្លើយនៅពេលប្រលង ដូចជា “ប្រសិនបើអ្នកមិនច្បាស់ អ្នកគួរជ្រើសរើសយកចម្លើយកណ្ដាល ឬ ជៀសវាងចម្លើយណាដែលមានពាក្យ Never, Always, All None“។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមលោក Poundstone ប្រការដែលអ្នកធ្លាប់បានដឹងទាំងនេះ មិនគួរត្រូវជៀសវាងឡើយ ។ តាមពិត គាត់បានរកឃើញថា ចម្លើយ “None of above All of above” គឺអាចជាចម្លើយត្រឹមត្រូវប្រហែល ៥២%។ ការជ្រើសរើសចម្លើយដែលមានពាក្យទាំងនេះនឹងអាចឱ្យអ្នកទាយត្រូវប្រហែលជា ៩០% ឯណោះ។

២. មើលចម្លើយនៃសំណួរជុំវិញសំណួរដែលអ្នកមិនច្បាស់
លោក Poundstone បានរកឃើញថា ចម្លើយដែលត្រឹមត្រូវកម្រត្រូវបានសរសេរច្រំដែលនៅសំណួរបន្ទាប់ណាស់ ដូច្នេះ ការមើលចម្លើយរបស់សំណួរទាំងអស់ដែលអ្នកចេះ នឹងអាចជួយអ្នកឱ្យរកឃើញនូវចម្លើយដែលត្រឹមត្រូវបាន ។ ឧទាហរណ៍ ប្រសិនបើអ្នកមិនច្បាស់សំណួរទីពីរ ប៉ុន្តែអ្នកដឹងថាចម្លើយរបស់សំណួរទីមួយគឺ A ហើយចម្លើយរបស់សំណួរទីបីគឺ D នោះចម្លើយទាំងពីរនេះគួរតែត្រូវបានកាត់ចោលពីសំណួរទីពីរដែលអ្នកកំពុងស្មាន។ ជាការពិតណាស់នៅពេលដែលអ្នកអានសំណួរ អ្នកអាចកាត់ចោលនូវចម្លើយណាដែលអ្នកដឹងថាវាខុសទាំងស្រុង ហើយរួមនឹងចម្លើយដែលអ្នកអាចកាត់ចោលពីការមើលចម្លើយរបស់សំណួរដ៏ទៃទៀត នោះអ្នកប្រាកដជាអាចរកឃើញចម្លើយត្រឹមត្រូវបានហើយ ។

៣. ជ្រើសរើសចម្លើយណាដែលវែងបំផុត
លោក Poundstone បានបន្ថែមថា ចម្លើយដែលវែងបំផុតជាទូទៅតែងតែជាចម្លើយត្រឹមត្រូវ ។ ជាធម្មតា អ្នកដែលធ្វើតេស្ដត្រូវតែធានាបានថាចម្លើយដែលត្រឹមត្រូវគឺត្រឹមត្រូវប្រាកដគ្មានកំហុសឆ្គងឡើយ ដូច្នេះគេត្រូវទាមទារ ឱ្យអ្នកធ្វើវិញ្ញាសារទាំងអស់ត្រូវចេះប្រើប្រាស់ភាសាឱ្យបានត្រឹមត្រូវទាំងអក្ខរាវិរុទ្ធ និងក្បួនខ្នាតវេយ្យាករណ៍ ។ ហេតុនេះ អ្នកធ្វើវិញ្ញាសារជាទូទៅមានការលំបាកក្នុងការធ្វើចម្លើយត្រឹមត្រូវជាងការធ្វើចម្លើយខុស ។
ប្រសិនបើអ្នកឃើញ ចម្លើយណា មួយវែងជាងគេ ចូរជ្រើសរើសយកចម្លើយនោះ ព្រោះជាធម្មតាវាជាចម្លើយ ដែលត្រឹមត្រូវស ម្រាប់ស្ទើរតែសំណួរទាំងអស់ ។

៤. កាត់ចោលចម្លើយដែលមិនពាក់ព័ន្ធ
ចំពោះការប្រលងមួយចំនួនគឺត្រូវធ្វើតាមរយៈប្រព័ន្ធកុំព្យូទ័រ ដូចជា SATs ជាដើម ហើយជាទូទៅចម្លើយដែលមាន លក្ខណៈផ្ទុយគ្នាទៅវិញទៅមកតែងតែត្រូវបានឃើញក្នុងការប្រលងស្ទើរតែទាំងអស់ ។ ទោះជាយ៉ាងណាក៏ដោយ ទោះជាចម្លើយទាំងនោះត្រូវបានគេរៀបយ៉ាងណាក៏ដោយ ចម្លើយដែលមិនពាក់ព័ន្ធជាមួយចម្លើយដ៏ទៃគឺជាទូទៅជាចម្លើយដែលខុស ។ លោក Poundstone បានឱ្យឧទាហរណ៍គម្រូមួយរបស់ការប្រលង SATs

  1. Haphazard ….radical
  2. Inherent…controversial
  3. Improvised …startling
  4. Methodical…revolutionary
  5. Derivative…gradual

ប្រសិនបើយើងមើលលើចម្លើយទាំងនេះ យើងឃើញថាពាក្យ gradual មានលក្ខណៈខុសពីពាក្យដែលនៅខាងចុងដ៏ទៃទៀត ដូច្នេះចម្លើយ E ត្រូវកាត់ចោល ។ លោក Poundstone បាននិយាយថា ពាក្យ Haphazard និង Improvised មានអត្ថន័យស្រដៀងគ្នា ដូច្នេះជាទូទៅវាជាចម្លើយដែលមិនត្រឹមត្រូវទេ នោះចម្លើយ A និង C អាចកាត់ចោលបាន ។ ការធ្វើបែបនេះគឺអាចជួយអ្នកឱ្យកាត់ចម្លើយមួយចំនួនចេញ តែមិនអាចឱ្យអ្នកប្រាកដថាចម្លើយណាត្រឹមត្រូវពិតនិងចម្លើយណាខុសពិតប្រាកដទេ ។ ទោះយ៉ាងណាក៏ដោយ វាអាចជួយអ្នកឱ្យកាត់ចម្លើយមួយចំនួនចេញបានភ្លាមៗ ដោយគ្រាន់តែអ្នកអានចម្លើយប៉ុន្មានវិនាទីប៉ុណ្ណោះ ។

 

SHARE