Loading...

កុមារាពិការ ២នាក់រស់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានជួយសង្គ្រោះឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីត្រូវបានក្រុមគ្រួសារធ្វើទារុណកម្ម ចងភ្ជាប់នឹងដើមឈើអស់រយៈពេល៥ឆ្នាំ កំពុងក្លាយជាប្រធានបទក្តៅគគុកមួយលើអ៊ីនធើណែត។

បើយោងតាមប្រភពចុះផ្សាយ ពីសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា កុមារាទី១មានឈ្មោះថា Umesh អាយុ៨ឆ្នាំ រស់នៅក្នុងភូមិ Kolyari ភាគខាងជើងរដ្ឋ Rajasthan ប្រទេសឥណ្ឌា គឺជាកុមារពិការភ្នែក និងកើតមានជំងឺសតិមិនសូវគ្រប់។ ឪពុកម្តាយរបស់គេឈ្មោះ Bhagawati Lal និង Manu Devi បានស្លាប់អស់រយៈពេល៥ឆ្នាំមកហើយ ដោយសារកើតជំងឺអេដស៍។ ក្រោយមក កុមារា Umesh ក៏បានផ្លាស់ទៅរស់នៅជាមួយនឹងយាយតារបស់គេវិញ។

Loading...


ជីដូនរបស់កុមារា Umesh ឈ្មោះ Peepi Bai មានវ័យ៧៥ឆ្នាំ បានមានប្រសាសន៍ឲ្យដឹងថា កុមារា Umesh គឺជាក្មេងមានះរឹងរូស និងកាច ហើយកន្លងមកគេថែមទាំងធ្លាប់លួចរត់ចេញពីផ្ទះ ទាំងខ្លួនឯងពិការភ្នែកទៀតផង ទើបធ្វើឲ្យគាត់ជាយាយតាមានការព្រួយបារម្ភ ក៏សម្រេចចិត្តយកខ្សែចងជើងគេ ជាប់ជាមួយនឹងសសរឈើ នៅក្រោលគោខាងក្រៅផ្ទះបែបនេះ។ ពីមុនមក កាលនៅអាយុ៣ឆ្នាំ Umesh ជាក្មេងធម្មតាម្នាក់ ប៉ុន្តែចាប់តាំងពីឪពុកម្តាយរបស់គេបានស្លាប់ទៅ ស្រាប់តែគេប្រែអត្តចរិតកោងកាចខ្លាំងខុសពីធម្មតា។

ជីដូនរូបនេះបន្តថា «ពួកយើងគ្មានលទ្ធភាព គ្មានលុយកាក់ឯណាគ្រប់គ្រាន់ យកគេទៅព្យាបាលទេ។ មានពេលខ្លះ គេស្រាប់តែកាចសាហាវ និងរត់ចេញពីផ្ទះទាំងមិនឲ្យនរណាម្នាក់ដឹងក៏មាន។ ពួកយើងចាស់ៗអស់ហើយ គ្មានកម្លាំងកំហែងឯណារត់ទៅនេះរត់ទៅនោះ ដើម្បីស្វែងរកគេទេ។ ទើបពួកយើងសម្រេចចិត្តចងជើងគេទុកបែបនេះយ៉ាងដូច្នេះ» ។

ដោយឡែក កុមារាទី២មានឈ្មោះថា Jiva Ram អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ Baydi ទីក្រុង Udaipur រដ្ឋ Rajasthan គឺជាក្មេងប្រុសម្នាក់ដែលកើតមានជំងឺទន់សរសៃ និងមានសតិមិនសូវគ្រប់ដូចគ្នា ត្រូវបានឪពុករបស់គេឈ្មោះថា Hurma Ram អាយុ៣៥ឆ្នាំ សម្រាតខោអាវរួចយកខ្សែចាប់ចងជាប់នឹងដើមឈើខាងក្រៅផ្ទះជារៀងរាល់ថ្ងៃ មុនពេលចេញទៅធ្វើការនៅកសិដ្ឋាន។

ថ្លែងប្រាប់អ្នកកាសែត ឪពុកកុមារារងគ្រោះខាងលើនិយាយថា ពីមុនៗមកកូនប្រុសរបស់គាត់តែងតែ ធ្វើសកម្មភាពគួរឲ្យខ្លាច និងព្រួយបារម្ភ វាយតប់ខ្លួនឯង ឬដូចចង់ស្លាប់ខ្លួនជាដើម។ ដើម្បីចៀសវាងកុំឲ្យមានបញ្ហាកើតឡើង ទើបលោកនិងគ្រួសារក៏ស្រេចចាប់គេចងទុកបែបនេះតែម្តងទៅ។

ប្រភពដដែលបន្តថា ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នកុមារាទាំងពីរត្រូវបានជួយសង្គ្រោះ ឲ្យមានសេរីភាពឡើងវិញដូចគេឯងហើយ បន្ទាប់ពីមានការរាយការណ៍ពីសំណាក់អ្នកស្រុក ក្រោយឃើញហេតុការណ៍ដ៏គួរឲ្យអាណិតអាសូរបែបនេះ។

កុមារាទាំងពីរ ត្រូវបានបញ្ជូនទៅស្នាក់នៅមណ្ឌលថែទាំកុមារ Child Welfare Committee ក្រោមការជួយជ្រោមជ្រែង ពីខាងអង្គការក្រៅរដ្ឋាភិបាល Aasra Vikas Sansthan និង Child Righs Department ។

លោក Bhojraj Singh ស្ថាបនិកនៃអង្គការ Aasra Bikas Sansthan បានឲ្យដឹងដែរថា ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ខាងលោកក៏កំពុងតែធ្វើការស៊ើបអង្កេតបន្ថែមផងដែរ។ លោកនិយាយថា លោកពិតជាភ្ញាក់ផ្អើលនិងស្លុតចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញកុមារារងគ្រោះទាំងពីរខាងលើ ស្ថិតក្នុងសភាពបែបយ៉ាងដូច្នេះប្រៀបបីដូចជាសត្វធាតុ។

លោកបន្ថែមចុងក្រោយថា បច្ចុប្បន្នកុមាររងគ្រោះទាំងពីរ បានរស់នៅកន្លែងដែលមានសុវត្ថិភាពហើយ ក្រោមការមើលថែទាំយ៉ាងយកចិត្តទុកដាក់ ហើយខាងលោកក៏នឹងចាប់ផ្តើម ជួយធ្វើការព្យាបាលដល់កុមារទាំងពីរ ដើម្បីឲ្យពួកគេត្រឡប់ទៅជាមនុស្សធម្មតាវិញ ដូចគេដូចឯងផងដែរ ៕

ប្រភព : taprumdaily

loading...
SHARE