ជាការពិតណាស់ នាសម័យនេះមនុស្សភាគច្រើនតែងចូលចិត្តវាយតម្លៃអ្វីមួយតែលើសម្បកក្រៅ ពោលគឺឃើញអ្វីថានឹងទាំងពួកគេពុំទាន់ដឹងរឿងច្បាស់។ ដោយឡែក ទង្វើរបែបនេះ ពុំមែនទើបតែមាននាពេលបច្ចុប្បន្ននេះទេ អាចនិយាយបានថា វាបានក្លាយទៅជាវប្បធម៌មួយទៅហើយ។ ទាក់ទងទៅនឹងការវាយតម្លៃមនុស្សនេះដែរយើងសូមលើយកឧទាហរណ៍ជាសាច់រឿងមួយមកជម្រាបជូន លោកអ្នក រវាងក្មេងប្រុសអាយុ 7ឆ្នាំ ម្នាក់ ជាមួយនឹងឪពុកខ្លួន។

តាមបណ្ដោយផ្លូវរថភ្លើងមួយ ក្មេងប្រុសម្នាក់បានបានសម្លឹងទៅមើលដើមឈើនៅក្រៅបង្អួចនៃរថភ្លើង រួចក៏ស្រែកលឺៗថា “ប៉ាៗ មើលដើមឈើទាំងនោះកំពុងរត់តាមយើង។” ភ្លាមនោះ ឪពុកក៏ញញឹមដើម្បីជាការឆ្លើយតបទៅនឹងកូនប្រុសវិញ។ ស្រពេលជាមួយគ្នានេះដែរ ក្មេងប្រុសម្នាក់ផ្សេងទៀតបានសម្លឹងមើលទៅក្មេងប្រុសនោះទាំងទឹកមុខអស់សំណើចជាមួយនឹងភាពល្ងង់ខ្លៅរបស់គេ។ សម្រាប់ឪពុកពេលបានឃើញបែបនេះ ក៏ពុំបានបង្ហាញអាកប្បកិរិយាអ្វីចំពោះក្មេងប្រុសម្នាក់នោះដែរ ពោលគឺបានត្រឹមញញឹមដដែល។ បន្ទាប់មកទៀត ក្មេងប្រុសដដែលបានសម្លឹងទៅមើលពពករសាត់ រួចក៏លាន់មាត់និយាយម្ដងទៀតថា “ប៉ាៗ មើលពពកក៏តាមយើងដែរ”។ ភ្លាមនោះ ប្ដីប្រពន្ធមួយគូដែលអង្គុយនៅក្បែរនោះ ក៏បាននិយាយទៅកាន់ឪពុកថា “ហេតុអ្វីបានជាលោកមិននាំកូនប្រុសទៅជួបនឹងវេជ្ជបណ្ឌិតល្អម្ដងទៅ?” ឪពុកញញឹមបន្ដិច រួចនិយាយថា “ខ្ញុំទើបតែមកពីជួបលោកវិជ្ជបណ្ឌិតហើយ។ មួយវិញទៀត យើងក៏ទើបតែចេញពីមន្ទីពេទ្យដែរ។ តាមពិតទៅ កូនប្រុសរបស់ខ្ញុំនេះគឺពិការភ្នែកតាំងពីកំណើតមកម្លេះ ហើយនេះក៏ជាថ្ងៃទីមួយដែរ ដែលកូនប្រុសខ្ញុំបានមើលឃើញអ្វីៗ។”

មនុស្សគ្រប់រូបដែលរស់នៅលើពិភពលោកយើងនេះ តែងមានរឿងផ្ទាល់ខ្លួនរបស់ពួកគេ។ សូមកុំវាយតម្លៃមនុស្ស នៅពេលដែលអ្នកពុំទាន់ស្គាល់ពួកគេច្បាស់ ព្រោះការពិតអាចនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល។

SHARE