ពិធី​បុណ្យ​ភ្ជុំ​ជិត​ចូល​មក​ដល់​ហើយ​ មិន​ថា​តែ​ទស្សនិកជន​ និង​អ្នក​សិល្បៈ​ទេ ​បាន​រង់ចាំ​ធ្វើ​ទាន​ទាំង​ទឹកចិត្ត​ជ្រះ​ថ្លា​។ យ៉ាងណាមិញ​តារា​ចម្រៀង​របស់ ​ហង្សមាស ​សាន ស្រីឡៃ ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​ធ្វើ​កាដូ​ជូន​ម្ដាយ​មាន​គ្រឿង​សម្អាង​ និង​លុយ​ដុល្លារ​ទាំង​ខ្ទាស់​ ដែល​ធ្វើ​ឲ្យ​ម្ដាយ​សប្បាយ​ចិត្ត​ស្ទើរ​ស្រក់​ទឹកភ្នែក​ ចំពោះ​ភាព​កតញ្ញូ​របស់​នាង​។

សាន ​ស្រីឡៃ​ បាន​ប្រាប់​លោក​ តាន់ ចន្ថា​ អ្នក​ផលិត​ព័ត៌មាន​ Kqube ​នៅ​មុន​នេះ​បន្តិច​ថា​ មួយ​រយៈ​នេះ​នាង​ជាប់​រវល់​ការងារ​សិល្បៈ​ច្រើន​ ព្រោះ​នាង​ត្រូវ​ថត​ទាំង ​MV ​និង​ភាពយន្ត​ឲ្យ​ ហង្សមាស ​និង​ការងារ​ចេញ​ច្រៀង​តាម​ឆាក​តន្ត្រី​ ដូច្នេះ​ទើប​នាង​មិនសូវ​បាន​មក​ជួប​ជុំ​ម្ដាយ​ និង​ប្អូនៗ​ទេ​ ប៉ុន្តែ​សម្រាប់​ការ​ជូន​សម្ភារ​ និង​លុយ​កាក់​ជូន​ម្ដាយ​ គឺ​នាង​បាន​ធ្វើ​ជា​ប្រចាំ​ គ្រាន់​តែ​មិន​បាន​ថត​ផុស​ ព្រោះ​នាង​គិត​ថា​មិន​សូវ​សមរម្យ​ តែ​ពេល​នេះ​ដោយ​សារ​ប្អូន​ៗ​របស់​នាង​ ​ទាមទារ​ថត​ទុក​ជា​អនុស្សាវរីយ​ និង​ចង់​ឃើញ​ទឹក​មុខ​ម្ដាយ​រីករាយ​ទើប​ចង់​ថត​ទុក​ ហើយ​ក៏​យក​​ផុស​ក្នុង​ហ្វេសប៊ុក​តែម្ដង​ទៅ។​

តារា​រូប​នេះ​បន្ត​ថា ​កាដូ​ ដែល​នាង​បាន​ទិញ​គឺ​គ្រឿង​សម្អាង​ មាន​ទឹក​អប់​ ក្រែម​ ម្សៅ​ និង​លុយ​ចំនួន​១​ពាន់​ដុល្លារ​ ដែល​បាន​មក​ពី​ការ​បើក​ប្រាក់​ខែ ​និង​ប្រាក់​ចេញ​ខនសឺត​មក​ជូន​ម្ដាយ ​ព្រោះ​នាង​បាន​ដឹង ​ម្ដាយ​គាត់​ចង់​ទៅ​លេង​ស្រុក​ ដូច្នេះ​ហើយ​នាង​ចង់​បំពេញ​បំណង​ជូន​គាត់​ក្នុង​នាម​ជា​កូន។​ ស្រីឡៃ ​បន្ត​ថា​ ទង្វើ​របស់​នាង​គឺ​ពិត​ជា​ធ្វើ​ឲ្យ​ម្ដាយ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ រហូត​គាត់​រំភើប​ពេក​ស្ទើរ​តែ​ស្រក់​ទឹក​ភ្នែក​ទៅ​ហើយ ​។

តារា​ស្រី​រូប​ស្រស់​បាន​បន្ត​ថា​ នេះ​ជា​ទង្វើ​ដែល​នាង​ចង់​ធ្វើ​ជូន​ម្ដាយ​នៅ​មុន​រដូវ​បុណ្យ​ភ្ជុំ​ចូល​មក​ដល់​ ហើយ​ទោះជា​ធ្វើ​បាន​ប៉ុនណាក៏​ដោយ​ ព្រោះ​ជា​សកម្មភាព​នេះ​កើត​ចេញ​ពី​ចិត្ត​ជ្រះ​ថ្លា​ និង​ភាព​កតញ្ញូ​ចំពោះ​អ្នក​មាន​គុណ ​ដែល​យើង​ជា​កូន​គ្រប់​រូប​ត្រូវ​តែ​ធ្វើ​ ទោះ​ជា​បាន​ប៉ុនណា ​ក៏​ជា​បុណ្យ​ ដ៏​មាន​តម្លៃ​៕

SHARE